• July 25, 2024
 ក្រសួងសុខាភិបាល បញ្ជាឱ្យប្រមូលឱសថលើសឈាមចំនួនពីរមុខមកវិញ ក្រោយតេស្ដរកឃើញធ្លាក់គុណភាព

ក្រសួងសុខាភិបាល បញ្ជាឱ្យប្រមូលឱសថលើសឈាមចំនួនពីរមុខមកវិញ ក្រោយតេស្ដរកឃើញធ្លាក់គុណភាព

Spread the love
Digiqole Ad

ក្រសួងសុខាភិបាលបានប្រកាសឱ្យប្រមូលត្រឡប់មកវិញនូវឱសថលើសឈាមប្រភេទ ADIPIN 10 ដែលមានលេខឡូតិ៍ TI118, Exp=01-2024 និងថ្នាំឱសថលើសឈាមប្រភេទ AMLOCOR-10 ដែលមានឡូតិ៍ B131J006, Exp=05-2024 ក្រោយការធ្វើតេស្ដរកឃើញថាធ្លាក់គុណភាព (Dissolution Test)។

ក្រសួងសុខាភិបាលបានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃអង្គរថា មន្ត្រីជំនាញបានយកថ្នាំឱសថដែលកំពុងដាក់លក់លើទីផ្សារមកធ្វើតេស្ដនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាពិបាល ហើយវិភាគរកឃើញថា ថ្នាំទាំងពីរប្រភេទនេះបានធ្លាក់គុណភាព ដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ ចំណែកថ្នាំឱសថលើសឈាមដែលមានលេខឡូតិ៍ខុសពីនេះ គឺមិនប៉ះពាល់ដល់សុខភាពឡើយ។ដើម្បីធានាសុវត្ថិភាពអ្នកប្រើប្រាស់ ក្រសួងសុខាភិបាលបានដាក់ចេញវិធានការឱ្យក្រុមហ៊ុនដែលបាននាំចូលនិងចែកចាយឱសថទាំងនេះត្រូវប្រមូលពីគ្រឹះស្ថានលក់ឱសថយកមកវិញចំនួន២ឡូតិ៍ ពោលគឺថ្នាំឱសថលើសឈាមប្រភេទ ADIPIN 10 ដែលមានលេខឡូតិ៍ TI118, Exp=01-2024 ចំនួន១ឡូតិ៍ និងថ្នាំឱសថលើសឈាមប្រភេទ AMLOCOR-10 ដែលមានឡូតិ៍ B131J006,
Exp=05-2024 ចំនួន១ឡូតិ៍។

ក្រសួងបានណែនាំឱ្យមន្ទីរពេទ្យនិងប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការប្រើប្រាស់ ហើយត្រូវប្រគល់ឬបញ្ជូនឱសថទាំងនេះទៅគ្រឹះស្ថានលក់ឱសថវិញចាប់ពីការជូនដំណឹងនេះតទៅ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានព្រមានថា៖ «ខ្លួននឹងចាប់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះគ្រឹះស្ថានអាហរ័ណនីហរ័ណ ឱសថស្ថាន ឱសថស្ថានរងទាំងឡាយណាដែលនៅតែបន្តការដាក់តាំងលក់ឬលក់ឱថសទាំងនេះ»។

គួរជម្រាបថា ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាឱ្យយកចិត្តទុកដាក់ជាមួយករណីខាងលើនេះ ប្រសិនបើប្រទះឃើញថ្នាំឱសថទាំងនេះដាក់លក់លើទីផ្សារសូមប្រញាប់ផ្ដល់ព័ត៌មានមកកាន់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង តាមរយៈលេខទូរសព្ទ ០១១ ៥៧៤ ៧៨៧ / ០១២ ៣៥៥ ១៦១ / ។

 

Digiqole Ad

Related post