ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលស្តីពី «និន្នាការ និងតម្រូវការទេសចរមូស្លីម» នៅខេត្តសៀមរាប
ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «និន្នាការ និងតម្រូវការទេសចរមូស្លីម» ដើម្បីលើកកម្ពស់ការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីបង្គោល និងភាគីពាក់ព័ន្ធ ក្នុងការផ្តល់សេវាទេសចរណ៍ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរមូស្លីម។
ពិធីនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Angkor Century Spa and Resort ខេត្តសៀមរាប ដោយមានឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រុី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ចូលរួមជាគណៈអធិបតី។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងសម្រាប់មន្ត្រីបង្គោល និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើការស្វែងយល់អំពីនិន្នាការទេសចរមូស្លីម តម្រូវការរបស់ភ្ញៀវទេសចរមូស្លីម និងការរៀបចំសេវាកម្មឱ្យមានភាពសមស្របទៅនឹងវប្បធម៌ និងគោលការណ៍សាសនារបស់ពួកគេ។
ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងទេសចរណ៍ តំណាងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា មន្ទីរទេសចរណ៍មកពីខេត្តចំនួន៨ អង្គភាពពាក់ព័ន្ធក្នុងខេត្ត សមាគម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនមូស្លីម ប្រតិបត្តិករទេសចរណ៍ និងសិក្ខាកាម សរុបចំនួន ១៤៦រូប។
ប្រភព៖ ក្រសួងទេសចរណ៍



