
ស្ត្រីឥណ្ទូនេស៊ីមួយរូបបានស្លាប់ ដោយសារពស់ថ្លាន់លេប បន្ទាប់ពីបាត់ខ្លួនអស់ជាច្រើនថ្ងៃ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ស្ត្រីមួយរូបនៅភាគកណ្តាលប្រទេសឥណ្ឌូនេស៊ីបានស្លាប់ ដោយសារពស់ថ្លាន់លេប បន្ទាប់ពីបាត់ខ្លួនអស់ជាច្រើនថ្ងៃ។ ឧបទ្ទវហេតុដ៏គួរអោយសង្វេគនេះ បានកើតឡើងនៅក្នុងភូមិ Kalempang ខេត្ត Sulawesi ភាគខាងត្បូង ដែលពស់ថ្លាន់ប្រវែង ៥ម៉ែត្រ (16ហ្វីត)។ ស្រ្តីរងគ្រោះមានឈ្មោះ Farida អាយុ ៤៥ឆ្នាំ រស់នៅទីកន្លែងកើតហេតុខាងលើ។
មុនកើតហេតុ នៅថ្ងៃព្រហស្បត្តិ៍ ស្ត្រីរូបនេះបានប្រាប់ប្តីថានឹងទៅលក់ម្ទេសអោយអ្នកដែលមកចុះប្រមូលទិញ។ លុះបាត់ទៅជាច្រើនម៉ោងមិនឃើញត្រឡប់មកវិញ ប្តីនិងសាច់ញាតិក៏បានតាមរក។ រហូតដល់នៅព្រឹកថ្ងៃបន្ទាប់ ក៏បានប្រទះឃើញពស់ថ្លាន់មួយក្បាលគួរអោយសង្ស័យ ដោយមានសម្ភារៈមួយចំនួននៅក្បែរនោះ។ ប្តីនិងអ្នកភូមិបានសម្រេចចិត្តសម្លាប់ និងវះពោះរបស់សត្វពស់ ដើម្បីពិនិត្យមើល ហើយប្រទះឃើញប្រពន្ធរបស់គាត់ស្លាប់តែម្តង។
គួរជម្រាបថា ជារឿយៗនៅក្នុងប្រទេសឥណ្ឌូនេស៊ី មានមនុស្សស្លាប់ដោយសារហេតុការណ៍ពស់ថ្លាន់លេបនេះ ដែលភាគច្រើនកើតឡើងនៅក្នុងខេត្ត Sulawesi នេះតែម្តង៕



