រដ្ឋមន្ត្រីក្រសួងកិច្ចការឥស្លាមនៃប្រទេសអារ៉ាប៊ីសាអូឌីតបានជំរុញឱ្យអ្នកនយោបាយទាំងអស់ បន្តនូវកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសដោយឈរលើគោលការណ៍យុត្តិធម៌ ជៀសវាងការប្រើប្រាស់សាសនាសម្រាប់កេងប្រវ័ញ្ចនយោបាយ នាំឱ្យមានភាពជ្រុលនិយម
មាក្កះ៖ រដ្ឋមន្ត្រីក្រសួងកិច្ចការឥស្លាម អារ៉ាប៊ីសាអូឌីតបានលើកឡើងក្នុងពេលបើកសន្និសីទអន្តរជាតិឥស្លាមកាលពីថ្ងៃអាទិត្យស្តីពី ការទំនាក់ទំនង និងសមាហរណកម្មជាមួយនាយកដ្ឋានកិច្ចការសាសនាថា អ្នកនយោបាយទាំងអស់ត្រូវបន្តការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងដែលត្រូវឈរលើគោលការណ៍យុត្តិធម៌ ដើម្បីចូលរួមដោះស្រាយនូវបញ្ហាមួយចំនួនដោយការប្រើប្រាស់សាសនាឥស្លាមឱ្យមានការខុសឆ្គងសម្រាប់ការរចនានយោបាយរបស់ខ្លួន នាំឱ្យមានការកើនឡើងនៃពាក្យសំដីស្អប់ខ្ពើម ការលាភពណ៌ ជាពិសេសការកេងប្រវ័ញ្ចនយោបាយដោយប្រើសាសនាជាចម្បងដើម្បីសម្រេចគោលដៅរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Saudi Gazette នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។
Sheikh Abdullatif Al-Sheikh រដ្ឋមន្ត្រីក្រសួងកិច្ចការឥស្លាមនៃប្រទេសអារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា មេដឹកនាំនៃអារ៉ាប៊ីសាអូឌីតបានប្រកាន់ខ្ជាប់នូវភាពយុត្តិធ៌មដោយឈរលើគោលការណ៍មួយគោរពតាមមាគ៌ានៃសាសឥស្លាមតាំងពីដើមរៀងមក ក្នុងនោះយើងប្រកាន់យកនូវសេចក្តីពិតនិងភាពត្រឹមត្រូវដែលជាការនាំមកដោយសាសនាឥស្លាម ហើយយើងបានផ្សព្វផ្សាយគោលការណ៍នៃយុត្តិធម៌ ភាពមេត្ដាករុណា និងការសម្របសម្រួលនៅក្នុងវិធីសាស្រ្តពិតប្រាកដមួយដើម្បីជាគម្រូទៅដល់មនុស្សទូទៅដែលត្រូវអនុវត្តតាម។
ដូចនេះ ការប្រើប្រាស់សាសនាវាជារឿងមួយដ៏សំខាន់ ដែលអ្នកនយោបាយគ្រប់រូបត្រូវយកចិត្តទុកដាក់ជាចម្បង ជៀសវាងការប្រើប្រាស់សាសនាដើម្បីសម្រេចនូវគោលដៅរបស់ខ្លួន ក៏ដូចជាកេងប្រវញ្ចឆ្លៀតឱកាសឱ្យទទួលបានអំណាចឥទ្ធិពលដែលបង្កឱ្យមានការស្អប់ខ្ពើម ការរើសអើង និងការបំភ្លៃនូវភាពពិតដោយប្រើសាសនាបាំងមុខ បង្កនូវភាពពុករលួយមួយចំនួនដែលប៉ះពាល់ដល់សាសនាឥស្លាម។
ជាមួយគ្នានោះ អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) Hissein Brahim Taha បានគូសបញ្ជាក់ថា យើងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ធ្វើយ៉ាងណាអ្នកនយោបាយឥស្លាមត្រូវជំរុញគោលគំនិតនៃការរួបរួមអ៊ីស្លាមឱ្យក្លាយជាធ្លុងមួយ ដោយប្រកាន់យកនូវអរិយធម៌ វប្បធម៌ និងឯកភាពរបស់មនុស្សដោយផ្អែកលើកិច្ចសហប្រតិបត្តិការ ភាពស្អិតរមួត អន្តរកម្ម និងការលើកកម្ពស់អរិយធម៌របស់មនុស្សលើគ្រប់វិស័យនៃការអប់រំ វប្បធម៌ ការគិត និងសេដ្ឋកិច្ច។ ជាពិសេសត្រូវសម្រេចបានសមាហរណកម្មលើគ្រប់វិស័យ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រឆាំងទៅនិងការលាភពណ៌មកលើសាសនាឥស្លាមគ្រប់ទម្រង់គ្រប់រូបភាព។
គួរជម្រាបថា កាលពីថ្ងៃអាទិត្យ អារ៉ាប៊ីសាអូឌីតបានរៀបចំនូវសន្និសីទអន្តរជាតិឥស្លាមស្តីពីការទំនាក់ទំនង និងសមាហរណកម្មជាមួយនាយកដ្ឋានកិច្ចការសាសនា ដោយមានអ្នកប្រាជ្ញឥស្លាមល្បីៗប្រមាណ 150 នាក់ចូលរួម និងអ្នកសិក្សាមកពីសាកលវិទ្យាល័យមកពី 85 ប្រទេសជុំវិញពិភពលោក ដើម្បីចូលរួមលើកកម្ពស់នូវការដោះស្រាយបញ្ហាដែលស្ថិតនៅក្នុងស្នូលនៃបេសកកម្មចម្បងរបស់អង្គការឥស្លាម និងការពង្រឹងការរួបរួមអ៊ីស្លាមឱ្យមានសាមគ្គីភាព។