ព័ត៌មានជាតិ

សប្បុរសជនមូស្លីមនៅអាមេរិក តាមរយៈអង្គការមូលនិធិហ្សាកាត់អាមេរិកបន្ត ផ្តល់ជំនួយជា​កញ្ចប់​អា​ហារ​ស្រាយបួសរ៉ម៉ាឌនដល់ប្រជាពលរដ្ឋមូស្លីមនៅកម្ពុជា

Spread the love

ក្រចេះ៖ ខណៈខែរ៉ម៉ាឌនដែលជាខែដ៏ពិសិដ្ឋនៅក្នុងសាសនាឥស្លាមកាន់តែខិតជិតមកដល់ គេ​សង្កេតឃើញអង្គ​ការសមាគម និងសប្បុរសជនជាច្រើន​បានចូលរួមធ្វើ​ការ​បរិច្ចាកផ្តល់​នូវ​កញ្ចប់​អា​ហារស្រាយបួស ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងចាស់ជរា ដើម្បីជាការ​ចូលរួមចំណែកដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ក៏ដូចជាដើម្បីទទួលបាន​ផល​បុណ្យពី​ការផ្តល់អោយ នៅក្នុងខែរ៉ម៉ាឌនដ៏ពិសិដ្ឋ។

ក្នុងនោះ អង្គការមូលនិធិហ្សាកាត់អាមេរិក ដែលតែងតែផ្តល់នូវជំនួយមនុស្សធម៌ដល់ប្រជាពល​រដ្ឋ​ដែលជួបការលំបាក និងមានជីវភាពខ្វះខាតនៅក្នុងប្រទេសកម្ពុជា តាមរយៈអង្គការមជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីមកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ក៏បានរៀបចំកម្មវិធីផ្តល់អំណោយកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌន ជូនដល់ប្រជាពល​រដ្ឋ​ចំនួន ៣៦០ គ្រួ​សារ មកពីភូភូមិច្រាបថ្មី, ភូមិត្រពាំងស្បែកក្នុង, ត្រពាំងស្បែកក្រៅ នៃឃុំ២ធ្នូ, និងភូមិ១១៤ ភូមិ១១៧ នៃឃុំក្រញ៉ូងសែនេជ័យ ស្រុកស្នួល ខេត្តក្រចេះ។

កម្មវិធីនេះបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋ​មន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជា​ប្រ​ធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា តំណាងម្ចាស់ជំនួយ ព្រមទាំងសហការី និងមាន​ការ​អញ្ជើញ​ចូលរួមផងដែរពីសំណាក់ ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានជាច្រើនរូប លោកអភិបាលស្រុកស្នួល លោកអភិបាល​រង​ស្រុក លោកអ៊ីមាំស្រុក អាជ្ញា​ធរមូលដ្ឋាន ហាកឹម តួន និងប្រជាពលរដ្ឋមកពី៥ភូមិ សរុបចំនួន ៣៦០ គ្រួសារ។

ក្នុងឱកាសមានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯក​ឧត្តម ស្លេះ ណាស៊ី ទី​ប្រឹក្សា​ក្រ​សួង​ព័ត៌​មាន និងជា​ប្រ​ធានមជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា បាន​មាន​ប្រសាសន៍ជម្រាប​ដល់ឯក​ឧត្តម​គណៈអធិបតី អំពីសកម្ម​ភាពការងាររបស់អង្គការនាពេលកន្លងមកក្នុងការអភិឌ្ឍសហគមន៍ ដែល​ជាការចូលរួមចំ​ណែក​ជា​មួយរាជរដ្ឋា​ភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។​

​ឯក​ឧត្តម បានមានប្រសាសន៍អោយដឹងថា អំណោយជាកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌន ចំនួន ៣៦០ កញ្ចប់នេះ ជាថវិកាជំនួយ​ពីសប្បុរសជនមូស្លីមនៅសហរដ្ឋអាមេរិក តាមរយៈអង្គ​ការ​ហ្សា​កាត់​អាមេ​រិក ​ផ្តល់​មក​កម្ពុជា​តាម​រយៈ​អង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ដែលជាដៃគូ។

ឯកឧត្តម សង្ឃឹមថា អង្គការមូលនិធិហ្សាកាត់អាមេរិកនៅតែបន្តធ្វើការនៅក្នុងស្រុកស្នួលបន្តទៀត និងជម្រុញអោយមានការគាំទ្រសកម្មភាពការងាររបស់ក្រុមការងារនៃមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

ដោយឡែក ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន ក្នុងឱកាសមានមតិសំណេះ​សំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋ​មន្ត្រី ដែលជានិច្ចកាល​ឯកឧត្តមតែងតែបានគិតគូ និងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

ឯកឧត្តម បានមានប្រសាសន៍ថា កម្មវិធីផ្តល់នូវកញ្ចប់អាហារនាថ្ងៃនេះ មិនត្រឹមតែជាការផ្តល់អោយ​នូវកញ្ចប់អាហារនោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ​នៅក្នុង​មូល​ដ្ឋាន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមគោលនយោបាយសុខសន្តិភាព និងសុខដុមនីយកម្ម​សាសនា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្តម ហួត ឃាងវេង បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ រួមនិងក្រុមការងារនៃមជ្ឈ​មណ្ឌលព័ត៌មានមូស្លីមកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការស្វែងរកជំនួយពីបរទេស យកមកអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ​។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមគណៈអធិបតី ក៏បានផ្តល់កិត្តិយសចែកកញ្ចប់អាហារស្រាយបួសជានិម្មិតរូបជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

គួរជម្រាបថា កញ្ចប់អាហារស្រាយបួសរ៉ម៉ាឌនដែលប្រជាពលរដ្ឋត្រូវទទួលបាននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករចំនួន១បេ ស្មើ ៥០គីឡូក្រាម, មី១កេះ, ទឹកដោះគោ ៣កំប៉ុង, ត្រីខ ៣កំប៉ុង, ស្ករស ១គីឡូក្រាម, អំបិល ១គីឡូក្រាម, ទឹកសេរ៉ូ ១ដប, ប្រេងឆា ២លីត្រ, និងផ្លែល្មើកន្លះគីឡូក្រាម៕

camm

Recent Posts

អ៊ីលហាន អូម៉ា ឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលទី៥ រដ្ឋមីនីសូតា សហរដ្ឋអាមេរិក

លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)

1 week ago

ស្ត្រីខ្មែរឥស្លាមម្នាក់ស្លាប់ក្នុងករណីឃាតកម្មដោយប្តីនៅខេត្តតាកែវ ខណៈនេះប្តីត្រូវបានឃាត់ខ្លួនហើយ

ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…

2 weeks ago

គណបក្សលីគូដរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងថា កាតា និងតួកគី ផ្តល់ហិរញ្ញប្បទានដល់គណបក្សអារ៉ាប់ ក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល

គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)

2 weeks ago

ជនជាតិចាមមូស្លីមនៅខេត្តអានយ៉ាង ប្រទេសវៀតណាម សម្តែងប្រារព្ធពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រីនៅភូមិវប្បធម៌និងទេសចរណ៍ជាតិ

ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)

2 weeks ago

ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…

2 weeks ago

សោកនាដកម្មនៅប៉ាគីស្ថាន៖ សិស្សយ៉ាងតិច ២៧នាក់ និងគ្រូម្នាក់ស្លាប់ បន្ទាប់ពីដំបូលសាលារៀនបាក់សង្កត់

យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)

4 weeks ago