• December 19, 2024
 សប្បុរសជនមូស្លីមនៅអាមេរិក តាមរយៈអង្គការមូលនិធិហ្សាកាត់អាមេរិកបន្ត ផ្តល់ជំនួយជា​កញ្ចប់​អា​ហារ​ស្រាយបួសរ៉ម៉ាឌនដល់ប្រជាពលរដ្ឋមូស្លីមនៅកម្ពុជា

សប្បុរសជនមូស្លីមនៅអាមេរិក តាមរយៈអង្គការមូលនិធិហ្សាកាត់អាមេរិកបន្ត ផ្តល់ជំនួយជា​កញ្ចប់​អា​ហារ​ស្រាយបួសរ៉ម៉ាឌនដល់ប្រជាពលរដ្ឋមូស្លីមនៅកម្ពុជា

Spread the love
Digiqole Ad

ក្រចេះ៖ ខណៈខែរ៉ម៉ាឌនដែលជាខែដ៏ពិសិដ្ឋនៅក្នុងសាសនាឥស្លាមកាន់តែខិតជិតមកដល់ គេ​សង្កេតឃើញអង្គ​ការសមាគម និងសប្បុរសជនជាច្រើន​បានចូលរួមធ្វើ​ការ​បរិច្ចាកផ្តល់​នូវ​កញ្ចប់​អា​ហារស្រាយបួស ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងចាស់ជរា ដើម្បីជាការ​ចូលរួមចំណែកដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ក៏ដូចជាដើម្បីទទួលបាន​ផល​បុណ្យពី​ការផ្តល់អោយ នៅក្នុងខែរ៉ម៉ាឌនដ៏ពិសិដ្ឋ។

ក្នុងនោះ អង្គការមូលនិធិហ្សាកាត់អាមេរិក ដែលតែងតែផ្តល់នូវជំនួយមនុស្សធម៌ដល់ប្រជាពល​រដ្ឋ​ដែលជួបការលំបាក និងមានជីវភាពខ្វះខាតនៅក្នុងប្រទេសកម្ពុជា តាមរយៈអង្គការមជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីមកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ក៏បានរៀបចំកម្មវិធីផ្តល់អំណោយកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌន ជូនដល់ប្រជាពល​រដ្ឋ​ចំនួន ៣៦០ គ្រួ​សារ មកពីភូភូមិច្រាបថ្មី, ភូមិត្រពាំងស្បែកក្នុង, ត្រពាំងស្បែកក្រៅ នៃឃុំ២ធ្នូ, និងភូមិ១១៤ ភូមិ១១៧ នៃឃុំក្រញ៉ូងសែនេជ័យ ស្រុកស្នួល ខេត្តក្រចេះ។

កម្មវិធីនេះបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋ​មន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជា​ប្រ​ធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា តំណាងម្ចាស់ជំនួយ ព្រមទាំងសហការី និងមាន​ការ​អញ្ជើញ​ចូលរួមផងដែរពីសំណាក់ ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានជាច្រើនរូប លោកអភិបាលស្រុកស្នួល លោកអភិបាល​រង​ស្រុក លោកអ៊ីមាំស្រុក អាជ្ញា​ធរមូលដ្ឋាន ហាកឹម តួន និងប្រជាពលរដ្ឋមកពី៥ភូមិ សរុបចំនួន ៣៦០ គ្រួសារ។

ក្នុងឱកាសមានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯក​ឧត្តម ស្លេះ ណាស៊ី ទី​ប្រឹក្សា​ក្រ​សួង​ព័ត៌​មាន និងជា​ប្រ​ធានមជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា បាន​មាន​ប្រសាសន៍ជម្រាប​ដល់ឯក​ឧត្តម​គណៈអធិបតី អំពីសកម្ម​ភាពការងាររបស់អង្គការនាពេលកន្លងមកក្នុងការអភិឌ្ឍសហគមន៍ ដែល​ជាការចូលរួមចំ​ណែក​ជា​មួយរាជរដ្ឋា​ភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។​

​ឯក​ឧត្តម បានមានប្រសាសន៍អោយដឹងថា អំណោយជាកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌន ចំនួន ៣៦០ កញ្ចប់នេះ ជាថវិកាជំនួយ​ពីសប្បុរសជនមូស្លីមនៅសហរដ្ឋអាមេរិក តាមរយៈអង្គ​ការ​ហ្សា​កាត់​អាមេ​រិក ​ផ្តល់​មក​កម្ពុជា​តាម​រយៈ​អង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ដែលជាដៃគូ។

ឯកឧត្តម សង្ឃឹមថា អង្គការមូលនិធិហ្សាកាត់អាមេរិកនៅតែបន្តធ្វើការនៅក្នុងស្រុកស្នួលបន្តទៀត និងជម្រុញអោយមានការគាំទ្រសកម្មភាពការងាររបស់ក្រុមការងារនៃមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

ដោយឡែក ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន ក្នុងឱកាសមានមតិសំណេះ​សំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋ​មន្ត្រី ដែលជានិច្ចកាល​ឯកឧត្តមតែងតែបានគិតគូ និងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

ឯកឧត្តម បានមានប្រសាសន៍ថា កម្មវិធីផ្តល់នូវកញ្ចប់អាហារនាថ្ងៃនេះ មិនត្រឹមតែជាការផ្តល់អោយ​នូវកញ្ចប់អាហារនោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ​នៅក្នុង​មូល​ដ្ឋាន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមគោលនយោបាយសុខសន្តិភាព និងសុខដុមនីយកម្ម​សាសនា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្តម ហួត ឃាងវេង បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ រួមនិងក្រុមការងារនៃមជ្ឈ​មណ្ឌលព័ត៌មានមូស្លីមកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការស្វែងរកជំនួយពីបរទេស យកមកអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ​។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមគណៈអធិបតី ក៏បានផ្តល់កិត្តិយសចែកកញ្ចប់អាហារស្រាយបួសជានិម្មិតរូបជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

គួរជម្រាបថា កញ្ចប់អាហារស្រាយបួសរ៉ម៉ាឌនដែលប្រជាពលរដ្ឋត្រូវទទួលបាននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករចំនួន១បេ ស្មើ ៥០គីឡូក្រាម, មី១កេះ, ទឹកដោះគោ ៣កំប៉ុង, ត្រីខ ៣កំប៉ុង, ស្ករស ១គីឡូក្រាម, អំបិល ១គីឡូក្រាម, ទឹកសេរ៉ូ ១ដប, ប្រេងឆា ២លីត្រ, និងផ្លែល្មើកន្លះគីឡូក្រាម៕

Digiqole Ad

Related post