
អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រាបការក្លែងបន្លំ(ក.ប.ប. )បានចូលរួមតាំងបង្ហាញអំពីតួនាទីភារកិច្ចរបស់ខ្លួន និងកិច្ចការហាឡាលកម្ពុជា នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកែប

ខេត្តកែប)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានចូលរួមរៀបចំស្តង់តាំងបង្ហាញតួនាទីភារកិច្ចសកម្មភាពអនុវត្តការងាររបស់ខ្លួន និងកិច្ចការហាឡាលកម្ពុជា ក្នុងព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប។
ក្នុងពិធីបុណ្យសមុទ្រឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមទាំងពិធីបើក និងពិធីបិទ និងមានស្តង់ពិព័រណ៍រហូតដល់៥០០ស្តង់ ជាមួយនឹងភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ចូលរួមទស្សនាកម្សាន្តក្នុងរយៈ៣ថ្ងៃមកនេះ។
ដោយមានការយកចិត្តទុកដាក់ពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានចង្អុលបង្ហាញមកឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. រៀបចំឱ្យមានការតាំងបង្ហាញខាងលើ ដោយអគ្គនាយកដ្ឋាន ក.ប.ប. បានរចនាផ្ទាំងរូបភាពបង្ហាញពីតួនាទីភារកិច្ចរបស់ខ្លួន ស្របទៅនឹងច្បាប់ដែលបានផ្តល់អាណត្តិឱ្យអគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មរួមមានច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ លិខិតបទដ្ឋានក្រោមច្បាប់ និងផ្ទាំងខិតប័ណ្ណអប់រំជាច្រើនទៀត ក្នុងគោលបំណងបង្ហាញដល់សាធារណជនឱ្យបានយល់ដឹងពីគោលការណ៍សុវត្ថិភាពម្ហូបអាហារ និងសិទ្ធិក្នុងការទទួលបានការការពារដោយច្បាប់ និងយន្តការបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងករណីមានបទល្មើសកើតឡើង។
ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន ក.ប.ប. ដែលមាននាយកដ្ឋានកិច្ចការហាឡាលជាសេនាធិការក៏បានតាំងបង្ហាញសកម្មភាពរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ. ត.ផ.ហ.ក.»និងឯកសារពាក់ព័ន្ធនឹងកិច្ចការហាឡាលរួមទាំងមានការដាក់តាំងផលិតផលហាឡាលដែលទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដារផលិតផលហាឡាលកម្ពុជា ដោយមានការចូលរួមសហការពីក្រុមហ៊ុនចំនួន៤០ ក្នុងការដាក់ផលិតផល និងសេវាកម្មហាឡាលរបស់ខ្លួន ក្នុងព្រឹត្តិការណ៍តាំងបង្ហាញខាងលើផងដែរ ក្នុងគោលបំណង ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា បទប្បញ្ញត្តិពាក់ព័ន្ធ នីតិវីធីនៃការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារហាឡាលកម្ពុជា ស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុកក្នុងការគ្រប់គ្រងកិច្ចការហាឡាល និងជំរុញការធ្វើពាណិជ្ជកម្មផលិតផលហាឡាលរបស់កម្ពុជា ជាពិសេស សម្រាប់ការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។





