សមិទ្ធផលជាច្រើនក្នុងបរិវេណសាលាអាន់នៀកម៉ះឈូកក្រញាស់ ខេត្តកំពង់ឆ្នាំង ដែលចំណាយថវិកាសាង់សង់ប្រមាណ ២៤៤,០០០ដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ ក្រោមអធិបតីភាពឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី

សមិទ្ធផលជាច្រើនក្នុងបរិវេណសាលាអាន់នៀកម៉ះឈូកក្រញាស់ ខេត្តកំពង់ឆ្នាំង ដែលចំណាយថវិកាសាង់សង់ប្រមាណ ២៤៤,០០០ដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ ក្រោមអធិបតីភាពឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី

Spread the love
Digiqole Ad

កំពង់ឆ្នាំង៖ អគារសិក្សា អគារស្នាក់នៅ ស៊ូរ៉ាវ និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ក្នុងបរិវេណសាលាអាន់នៀកម៉ះឈូកក្រញាស់ ដែលចំណាយថវិកាសាង់សង់ចំនួន ២៤៤,០០០ដុល្លារអាមេរិក ស្ថិតក្នុងភូមិឈូកក្រញាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។

ដែលពិធីនេះ មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តមបណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការនិងសាសនា, ឯកឧត្តមបណ្ឌិត ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន, ប្រតិភូម្ចាស់ជំនួយមកពីប្រទេសអាស៊ាន ដឹកនាំដោយ Prof Dato Dr. Haji Tengku Mahmud Mansor, តាន់ស្រ៊ី តាតុ ស្រ៊ី មូហាំម៉ាត់យូសុះ អាប់ឌុលឡាតីហ្វ រួមនឹងអាជ្ញាធរមូលដ្ឋាន ហាកឹម តួន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សមិទ្ធផលដែលត្រូវបានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ រួមមាន៖ អគារសិក្សា អគារស្នាក់នៅ (១ខ្នង ៦បន្ទប់), ស៊ូរ៉ាវចំនួន ១ខ្នង, ផ្ទះសម្រាប់គ្រូចំនួន ១ខ្នង ៦បន្ទប់ និងបន្ទប់ទឹក សរុបជាថវិកាប្រមាណ ២៤៤,០០០ដុល្លារអាមេរិក ក្រោមជំនួយឧបត្ថម្ភពីសប្បុរសជននៅក្រៅស្រុក តាមរយៈអង្គការក្មេងកំព្រាអាស៊ាន ដែលមានប្រទេសសមាជិកចំនួន៨ រួមមាន៖ ម៉ាឡេស៊ី សិង្ហបុរី ព្រុយណេ ឥណ្ឌូនេស៊ី កម្ពុជា ថៃ វៀតណាម និងហ្វីលីពីន។

ពិធីសម្ពោធដាក់អោយប្រើប្រាស់នេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ឡា ឡៃ អញ្ជើញចូលរួមជាប្រធានគណៈអធិបតី នៃកិច្ចប្រជុំវេទិកាក្មេងកំព្រាអាស៊ាន លើកទី១១ ឆ្នាំ២០២៣ របស់អង្គការក្មេងកំព្រាអាស៊ាន (Furum Yatim Asean) ផងដែរ។

បើតាមលោក វ៉ាន់ រ៉ូសឡាន់ ប្រធានវេទិកាក្មេងកំព្រាអាស៊ាន អង្គការក្មេងកំព្រាអាស៊ាន (Furum Yatim Asean) គឺជាអង្គការមួយដែលជួយទំនុកបម្រុងដល់ក្មេងកំព្រា និងក្មេងក្រីក្រ នៅក្នុងបណ្តាប្រទេសអាស៊ី ទាំងលើផ្នែកអភិវឌ្ឍរូបរាងកាយ សុខុមាលភាព និងការសិក្សាផងដែរ។ អង្គការក្មេងកំព្រាអាស៊ាន តែងតែបានរៀបចំនូវកិច្ចប្រជុំវេទិកាក្មេងកំព្រាអាស៊ាន ហើយកិច្ចប្រជុំដំបូងគេ ធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ី កាលពីខែធ្នូ ឆ្នាំ២០១០។

ជាមួយគ្នានេះ Prof Dato Dr. Haji Tengku Mahmud Mansor ប្រធានអង្គការសុខុមាលភាពក្មេងកំព្រាម៉ាឡេស៊ី បានថ្លែងអំណរគុណដល់ឯកឧត្តម ឡា ឡៃ ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមជាប្រធានគណៈអធិបតី នៃកិច្ចប្រជុំវេទិកាក្មេងកំព្រាអាស៊ាន លើកទី១១ ឆ្នាំ២០២៣ របស់អង្គការក្មេងកំព្រាអាស៊ាន ព្រមទាំងថ្លែងអរគុណដល់គណៈប្រតិភូ និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមអបអរផងដែរ។

Prof Dato Dr. Haji Tengku Mahmud Mansor បានលើកឡើងថា ក្នុងនាមយើងជាមូស្លីម ត្រូវចូលរួមទាំងអស់គ្នាដើម្បីអោយសាសនាឥស្លាមមានការរីកចម្រើន ពិសេសលើវិស័យអប់រំផ្នែកសាសនា ដូចដែលព្យាការីមូហាំម៉ាត់ (S.A.W) បានខិតខំយ៉ាងខ្លាំងលើការងារនេះ តាំងពីពេលគាត់ប្រសូត្រ រហូតដល់ពេលលោកទទួលមរណភាព។

ដោយឡែក ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ក្នុងឱកាសមានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

ឯកឧត្តម បានសម្តែងការសាទរនិងមោទនភាព ក៏ដូចជាស្វាគមន៍ចំពោះប្រតិភូ ដែលបានរៀបចំកិច្ចប្រជុំវេទិកាក្មេងកំព្រាអាស៊ាននៅក្នុងទឹកដីនៃប្រទេសកម្ពុជា និងថ្លែងអរគុណដល់ Prof Dato Dr. Haji Tengku Mahmud Mansor ដែលបានយកចិត្តទុកដាក់ដល់ក្មេងកំព្រាជាច្រើននៅក្នុងប្រទេសអាស៊ាន និងជាពិសេសក្នុងប្រទេសកម្ពុជា។

ឯកឧត្តម បានមានប្រសាសន៍ថា ការយកចិត្តទុកដាក់ទៅលើក្មេងកំព្រាគឺជារឿងសំខាន់មួយនៅក្នុងសាសនាឥស្លាម ដែលយើងទាំងអស់គ្នា ត្រូវជួយគ្នាមើលថែ យកចិត្តទុកដាក់ និងផ្តល់ការទំនុកបម្រុងគ្រប់បែបយ៉ាង ដោយសារពួកគាត់គ្មានទីពឹង មិនមានឪពុកម្តាយចាំជួយទំនុកបម្រុងទៀតនោះឡើយ។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានដែលមានសហការល្អ បង្កលក្ខណៈងាយស្រួលដល់អង្គការសមាគមន៍ទាំងអស់ ដែលមានបំណងចូលរួមចំណែកអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ខណៈប្រទេសកម្ពុជា កំពុងទទួលបាននូវសុខសន្តិភាព និងសុខដុមនីយកម្មសាសនា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

 

Digiqole Ad

Related post