ម៉ាឡេស៊ីគ្រោងនិងព្យាយាមបង្កើតនូវភ្លៀងសិប្បនិមិត្តដោយការបណ្តុះពពក ដើម្បីសំអាតខ្យល់ និងបំបាត់ផ្សែងពុលនានាដែលកំពុងគ្របដណ្តប់លើប្រទេសរបស់ខ្លួន
នាយកដ្ឋានបរិស្ថានប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា ប្រទេសរបស់ខ្លួនគ្រោងនិងព្យាយាមបង្កើតភ្លៀងសិប្បនិមិត្តមួយដោយការបណ្តុះពពក ដើម្បីសំអាតខ្យល់ និងបំបាត់ផ្សែងពុលនានាដែលកំពុងគ្របដណ្តប់ លើប្រទេសម៉ាឡេស៊ី បណ្តាលឱ្យមានការចុះអ័ព្ទកាន់តែខ្លាំងឡើងនិងធ្វើឱ្យស្ថានភាពនៅក្នុងប្រទេសកាន់តែយ៉ាប់យ៉ឺន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន TRT WORLD នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។
អគ្គនាយកនៃនាយកដ្ឋានបរិស្ថានរបស់ប្រទេសម៉ាឡេស៊ី លោក Wan Abdul Latiff Wan Jaffar បាននិយាយថា ដោយសារស្ថានភាពនៅក្នុងប្រទេសម៉ាឡេស៊ីកាន់តែអាក្រក់ឡើង ពីការរំខានដោយសារផ្សែងពុលមួយចំនួន ក៏ដូចជាផ្សែងហុយចេញពីចំហេះ ដែលដុតសម្រាប់ឈូសឆាយដីចំការដូងប្រេង ព្រមទាំងចំការឈើនិងក្រដាស ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបង្កឱ្យមានផ្សែងអណ្តែតពាសពេញផ្ទៃមេឃ លើតំបន់មួយចំនួនក្នុងប្រទេសម៉ាឡេស៊ីនោះ វាពិតជាប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាជនក៏ដូចជានាំមកនូវហានិភ័យដល់សុខភាពសាធារណៈ និងការព្រួយបារម្ភដល់ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍នានា។
លោកបានបន្តថា ចំពោះការគ្រោងនិងព្យាយាមបង្កើតនូវភ្លៀងសិប្បនិមិត្តដោយការបណ្តុះពពក ដើម្បីសំអាតខ្យល់ និងបំបាត់ផ្សែងពុលនានាដែលកំពុងគ្របដណ្តប់លើប្រទេសរបស់ខ្លួននេះ គឺវាជាដំណោះស្រាយមួយដែលយើងសង្ឃឹមថាវានិងជួយសម្រួលដល់ស្ថានភាពដ៏អាក្រក់ដែលយើងកំពុងជួបនៅពេលនេះនិងមានភាពប្រសើរឡើងវិញ។ ជាក់ស្តែងកាលពីពេលកន្លងទៅយើងក៏បានរកឃើញថាមានភ្លើងឆេះនៅក្នុងប្រទេសឥណ្ឌូនេស៊ីជិតខាងដែលបង្កនូវការបំពុលដល់ប្រទេសម៉ាឡេស៊ីផងដែរ ទោះបីជាឥណ្ឌូនេស៊ីបានបដិសេធមិនបានរកឃើញផ្សែងហុយចេញពីព្រំដែនរបស់ខ្លួនយ៉ាងណាក្តី។
នាយកដ្ឋានរបស់ប្រទេសម៉ាឡេស៊ីបានអះអាងថា ទីភ្នាក់ងារឧតុនិយមក្នុងតំបន់បានរកឃើញ “ចំណុចក្តៅ” ជិត 250 ដែលបង្ហាញពីអគ្គីភ័យនៅលើកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី និងផ្នែករបស់វានៃកោះ Borneo ដោយមិនមាននៅក្នុងប្រទេសម៉ាឡេស៊ីឡើយ។
គួរជម្រាបថា បន្ទាប់ពីកើតមានហេតុការណ៍នេះរួចមក នាយកដ្ឋានបរិស្ថានប្រទេសម៉ាឡេស៊ីបានផ្អាកនូវចរាចរណ៍ រួមជាមួយសាលារៀនស្ថិតតាមតំបន់មួយចំនួននៅក្នុងប្រទេសត្រូវតែបញ្ឈប់សកម្មភាពបង្រៀនជាបន្ទាន់ ក៏ដូចជាធ្វើការអំពាវនាវទៅដល់ប្រទេសជិតខាងឬក្នុងតំបន់ឱ្យដាក់ចេញនូវច្បាប់ដើម្បីបញ្ឈប់ក្រុមហ៊ុនដាំដំណាំដែលបង្កការបំពុលបរិយាកាសជាបន្តទៀត។