• March 6, 2025
 ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ដល់សាសនិកឥស្លាម! រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ នៅរាជធានីភ្នំពេញ

ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ដល់សាសនិកឥស្លាម! រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ នៅរាជធានីភ្នំពេញ

Spread the love
Digiqole Ad

រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ ដែលនឹងមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមប្រមាណ ៦ ២០០នាក់។ នេះបើតាមការបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាឱកាសសម្តេចបង្ហោះសារជូនពរដល់សាសនិកឥស្លាម នៅក្នុង និងក្រៅប្រទេស ខណៈដែលខែបួសរ៉ម៉ាឌនរបស់បងប្អូនមូស្លីមបានឈានចូលមកដល់ ដែលនៅប្រទេសកម្ពុជានឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី១ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤៦ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។

នៅក្នុងសារជូនពរ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ “ដោយបន្តពីរាជរដ្ឋាភិបាលនីតិកាលមុន និងដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះកិច្ចប្រណិប័តន៍ជំនឿរបស់បងប្អូនម៉ូស្លីម នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាលនឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ នៅរាជធានីភ្នំពេញ ដែលនឹងមានភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ៦ ២០០នាក់ ចូលរួមក្នុងឆ្នាំនេះ”។

សម្តេចធិបតី បានគូសរំលេចថា ការរក្សាភាពសុខដុមរមនាពូជសាសន៍ និងសាសនា គឺជាឌីអេនអេ (DNA) របស់គណបក្សប្រជាជន ហើយនឹងប្រកាន់ខ្ជាប់នូវគោលការណ៍នេះជានិច្ច។ សម្តេចធិបតី បានផ្ញើសារតាមរយៈបណ្តាញសង្គម ជូននូវក្តីនឹករឭក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជា។

តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងឧត្តមភរិយា សូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាម នៅក្នុង និងក្រៅប្រទេសកម្ពុជា រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តែងតែបានគិតគូ និងយកចិត្តទុកដាក់ដល់សាសនិកឥស្លាមកម្ពុជា ជាក់ស្តែងក្រៅពីការរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន នៃសាសនាឥស្លាមកម្ពុជា រាជរដ្ឋាភិបាលក៏បានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប នៅក្នុងស្ថាប័នកំពូលរបស់ជាតិ និងនៅថ្នាក់ក្រោមជាតិ ផងដែរ៕

Digiqole Ad

Related post