ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៣៤នាក់ និង១៦នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួន ដោយសារគ្រោះទឹកជំនន់ដ៏គំហុក និងកម្អែភ្នំភ្លើងវាយប្រហារលើតំបន់ភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី
គិតត្រឹមល្ងាចថ្ងៃអាទិត្យ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៣៤នាក់ ខណៈមនុស្សចំនួន១៦នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន ដែលបង្កឡើងដោយគ្រោះទឹកជំនន់ដ៏គំហុក និងកម្អែភ្នំភ្លើងវាយប្រហារលើកោះស៊ូម៉ាត្រាភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការគូសបញ្ជាក់ពីមន្ត្រីគ្រោះមហន្តរាយក្នុងតំបន់ ដែលដកស្រង់ផ្សាយដោយសារព័ត៌មាន The Jakarta Post នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។
ភ្លៀងធ្លាក់យ៉ាងខ្លាំងនិងជាច្រើនម៉ោង បានបង្កទៅជាទឹកជំនន់នៅក្នុងស្រុកចំនួនពីរ នៃខេត្តស៊ូម៉ាត្រាខាងលិច កាលពីល្ងាចថ្ងៃសៅរ៍ ទន្ទឹមនឹងនោះ កម្អែភ្នំភ្លើង និងថ្មធំៗក៏បានធ្លាក់ពីលើភ្នំ Marapi ដែលជាភ្នំភ្លើងសកម្មបំផុតនៅស៊ូម៉ាត្រាផងដែរ។
អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយនៅស៊ូម៉ាត្រាខាងលិច លោក Ilham Wahab បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ មកដល់ពេលនេះ ទិន្នន័យបឋមមានមនុស្សចំនួន ៣៤នាក់បានស្លាប់ ដែលក្នុងនោះ ១៦នាក់នៅតំបន់ Agam និង ១៨នាក់ទៀតនៅ Tanah Datar ។ ជាមួយគ្នានេះមានមនុស្សចំនួន ១៨នាក់បានរងរបួស ហើយក្រុមការងារកំពុងបន្តស្វែងរកមនុស្ស ១៦នាក់ផ្សេងទៀតដែលបានបាត់ខ្លួន។ លោកបានបន្តថា កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនេះ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងតំបន់ រួមមាន៖ ប៉ូលិស ទាហាន និងអ្នកស្ម័គ្រចិត្ត។
យោងតាមទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Basarnas ស្រុក Agam និង Tanah Datar ត្រូវបានវាយប្រហារដោយទឹកជំនន់ដ៏គំហុក និងកម្អែភ្នំភ្លើង នៅវេលាម៉ោងប្រហែល ១០៖៣០នាទីយប់ (ម៉ោងក្នុងតំបន់) កាលពីថ្ងៃសៅរ៍ ។
អាជ្ញាធរមិនអាចផ្តល់តួលេខនៃចំនួនមនុស្សដែលត្រូវបានជម្លៀសចេញពីតំបន់នោះទេ ដោយសារពួកគេផ្តោតសំខាន់ក្នុងការស្វែងរកអ្នកដែលបាត់ខ្លួន។ ប៉ុន្តែយោងតាមរបាយការណ៍ពី ទីភ្នាក់ងារជាតិ គ្រប់គ្រងគ្រោះមហន្តរាយ (BNPB) បានអោយដឹងថា វិហារឥស្លាមចំនួន១ ផ្ទះប្រជាពលរដ្ឋចំនួន ៨៤ខ្នង និងស្ពានចំនួន ១៦ ត្រូវបានបំផ្លាញដោយគ្រោះមហន្តរាយនេះ។
គួរជម្រាបថា ឥណ្ឌូណេស៊ីជាប្រទេសដែលងាយនឹងរងគ្រោះដោយសារការបាក់ដី និងទឹកជំនន់ក្នុងរដូវវស្សា។ កាលពីខែមីនាកន្លងទៅ យ៉ាងហោចណាស់មនុស្ស ២៦នាក់ បានស្លាប់បន្ទាប់ពីការរអិលបាក់ដី និងទឹកជំនន់វាយប្រហារកោះស៊ូម៉ាត្រាភាគខាងលិច៕