ចិន គាំទ្រដែនអធិបតេយ្យភាពពេញលេញ និងរដ្ឋប៉ាឡេស្ទីនឯករាជ្យ
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃវេទិកាកិច្ចសហប្រតិបត្តិការរដ្ឋ ចិន-អារ៉ាប់ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា នេះថា ប្រទេសចិន នឹងគាំទ្រយ៉ាងមុតមាំចំពោះការបង្កើតដែនអធិបតេយ្យភាពពេញលេញ និងរដ្ឋប៉ាឡេស្ទីនឯករាជ្យ។
លោក Wang បានអំពាវនាវឱ្យមានការពង្រឹង និងមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ នៅក្នុងសន្និសិទនោះ នៅកន្លែងដែលអ្នកតំណាងមកពីប្រទេសនានា រួមមានអារ៉ាប់រួម ប្រទេសហ្ស៊កដានី អ៊ីរ៉ាក់ យេម៉ែន ម៉ារ៉ុក និងប៉ាគីស្ថាន បានមកចូលរួម។
លោក Wang បាននិយាយថា ស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ហ្កាហ្សា គឺពុំមាននិរន្តរភាពនោះទេ ខណៈដែលលោកបាននិយាយជាថ្មីនូវជំហររបស់ប្រទេសចិន ក្នុងការគាំទ្ររដ្ឋប៉ាឡេស្ទីន ជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ និងឆន្ទៈរបស់ប្រទេសចិនក្នុងការរួមចំណែកកាន់តែច្រើន ដើម្បីជំរុញការផ្សះផ្សា។
ប្រធានាធិបតីចិន លោក Xi Jinping ក៏បានថ្លែងផងដែរ អំពីសង្រ្គាមនៅតំបន់ហ្កាហ្សា កាលពីពេលមុននេះ នៅក្នុងពិធីបើកវេទិការ ដោយបាននិយាយថា ប្រទេសចិន ចង់ធ្វើការជាមួយបណ្តាប្រទេសអារ៉ាប់ ដើម្បីដោះស្រាយបញ្ហានានា ក្នុងមធ្យោបាយមានផលប្រយោជន៍ដល់ការប្រកាន់ខ្ជាប់ភាពត្រឹមត្រូវ យុត្តិធម៌ និងទទួលបានសន្តិភាព និងស្ថិរភាព យូរអង្វែង។
ប្រភព៖ BTV News