ឯកឧត្តម ឡា ឡៃ និងឯកឧត្តម ម៉ាត់ ហ្គោហ្វូត ដឹកនាំកិច្ចប្រជុំត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីជួបជុំសាសនិកឥស្លាម បួងសួងសុំសន្តិភាព(អិចទីម៉ាក) នៅស្រុកក្រូចឆ្មារ
(ខេត្តត្បូងឃ្មុំ)៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយឱ្យកាន់តែល្អប្រសើរ ក្នុងឱកាសនៃពិធីជួបជុំសាសនិកឥស្លាម (អិចទីម៉ាក) ដែលនឹងឈានចូលមកដល់នាពេលខាងមុខ នៅព្រឹកថ្ងៃពុធ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សា និងដាក់ចេញផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់។
កិច្ចប្រជុំនេះ បានប្រារព្ធធ្វើឡើងនៅវិហារធំ ស្ថិតក្នុងភូមិទ្រា ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូក្រសួងធម្មការ និងសាសនា លោក ស៊ាម អេងស៊្រុន នាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការ លោកប្រធានអង្គភាពចំណុះសាលាខេត្ត លោកអភិបាលស្រុក កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍បានឱ្យដឹងថា ពិធីជួបជុំសាសនិកឥស្លាម (អិចទីម៉ាក) នៅកម្ពុជា បានចាប់ផ្តើមប្រារព្ធធ្វើឡើងតាំងពីឆ្នាំ១៩៩៧ មកម្លេះ ដែលគិតមកដល់ឆ្នាំនេះ គឺជាការជួបជុំលើកទី២៣ ហើយ៕







