ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា និងជាប្រធានផ្នែកវប្បធម៌និងសាសនា បានអញ្ជើញជាកិត្តិយសជូនដំណើរក្រុមអ្នកទៅធ្វើអុំរ៉ស់ នៅប្រទេសអារ៉ាបីសាអូឌីត ចំនួន៧៧រូប ក្រោមការឧបត្ថម្ភទាំងស្រុងពីសមាគមប្រភពល្អកម្ពុជា
នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា និងជាប្រធានផ្នែកវប្បធម៌ និងសាសនា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាកិត្តិយសជូនដំណើរក្រុមអ្នកទៅធ្វើអុំរ៉ស់ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចំនួន៧៧រូប ដែលទទួលបានការឧបត្ថម្ភទាំងស្រុងពីសមាគមប្រភពល្អកម្ពុជា។ ដែលមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម តហើរ អ៊ូមើរ ប្រធានសមាគមប្រភពល្អកម្ពុជា លោក លោកស្រីថ្នាក់ដឹកនាំសមាគម និងក្រុមការងារ ព្រមទាំងអ្នកដែលពាក់ព័ន្ធជាច្រើនរូប។
នាក្នុងឱកាសនោះ ឯកឧត្តម តហើរ អ៊ូមើរ ក្នុងនាមប្រធានសមាគម បានអានរបាយការណ៍ជូន ឯកឧត្តម ឆាយ វណ្ណា ដោយបញ្ជាក់ថា ក្រុមអុំរ៉ស់ដែលចាកចេញពីប្រទេសកម្ពុជានាពេលនេះ មានចំនួន ៧៧រូប ដែលនេះគឺជាលើកទី៣ គិតត្រឹមឆ្នាំ២០២៤ ដោយសមាគមបានចាប់ផ្តើម ២ឆ្នាំរួចមកហើយ ក្នុងនោះ លើកទី១ នៅឆ្នាំ២០២២ មានចំនួន ៧៤រូប និងលើកទី២ មានចំនួន ៨៥រូប។ ឯកឧត្តមបន្តថា សមាគមនៅតែបន្តធ្វើអំពើមនុស្សធម៌នេះអោយកាន់តែច្រើនថែមទៀត។
ដោយឡែក ឯកឧត្តម ឆាយ វណ្ណា នាឱកាសមានមតិសំណេះសំណាល ឯកឧត្តមបានមានប្រសាសន៍ថា បងប្អូនពិតជាមានសំណាងខ្លាំងណាស់ ដែលមានឱកាសបានទៅធ្វើអុំរ៉ស់ ក្រោមការឧបត្ថម្ភទាំងស្រុងពីសមាគមប្រភពល្អកម្ពុជា ដែលមានឯកឧត្តម តហ៊ើរ អ៊ូម៉ើរ ជាប្រធាន។ ឯកឧត្តមបានសម្តែងអារម្មណ៍រំភើបអស់ពីចិត្ត នៅពេលដែលឃើញស្នាមញញឹមពួកគាត់នាពេលនេះ។ ឯកឧត្តម បានផ្តាំផ្ញើដល់អ្នកទៅធ្វើអុំរ៉ស់ ត្រូវថែរក្សាសុខភាព និងជូនពរអោយមានសុវត្ថិភាពទាំងទៅ ទាំងមក និងទទួលបានជោគជ័យក្នុងការបំពេញផលបុណ្យអុំរ៉ស់ នាទឹកដីដ៏ពិសិដ្ឋ។
ឯកឧត្តម ក៏បានថ្លែងអំណអរគុណចំពោះឯកឧត្តម តហើរ អ៊ូមើរ ប្រធានសមាគមប្រភពល្អកម្ពុជា និងក្រុមការងារ ដែលខិតខំស្វែងរកម្ចាស់ជំនួយជួយដល់បងប្អូនខ្មែរឥស្លាមយើង អោយបានទៅធ្វើអុំរ៉ស់ ក៏ដូចជាជំនួយផ្សេងៗទៀតកន្លងមក ជាពិសេសបានចូលរួមជួយអភិវឌ្ឍន៍ជាតិលើវិស័យអប់រំចំណេះដឹងទូទៅ និងផ្នែកសាសនាផងដែរ។ និងជូនពរអោយជួបតែសេចក្ដីសុខស្លាម៉ាត់ពើតកាត់ពីព្រះអល់ឡោះ៕