ឥណ្ឌូណេស៊ី ហាមប្រាមប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិក នៅលើបណ្តាញសង្គម
ហ្សាការតា)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មបានឱ្យដឹងនៅថ្ងៃពុធថា ឥណ្ឌូណេស៊ីបានហាមឃាត់ប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិក នៅលើភ្លែតហ្វមបណ្តាញទំនាក់ទំនងសង្គមដែលជាវិធានការមួយធ្វើឡើងក្នុងគោលបំណងការពារការលក់រាយបែបប្រពៃណី ហើយដែលភាគច្រើននឹងប៉ះពាល់ដល់ភ្លែតហ្វម TikTok និងភ្លែតហ្វមទិញទំនិញរបស់ក្រុមហ៊ុននេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋាភិបាលឥណ្ឌូនេស៊ីចាត់វិធានការនេះក្នុងគោលបំណងការពារពាណិជ្ជករអហ្វឡាញ និងទីផ្សារនានានៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេរបស់តំបន់អាស៊ីអាគ្នេយ៍មួយបេះ។ រដ្ឋាភិបាលបានបន្ថែមថា ការកំណត់តម្លៃលក់ហួសហេតុខ្លាំងនៅលើភ្លែតហ្វមបណ្តាញទំនាក់ទំនងសង្គមកំពុងគំរាមកំហែងដល់សហគ្រាសធុនតូច និងមធ្យម។
លោក Zulkifli Hasan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីបានប្រាប់អ្នកយកព័ត៌មានថា បទប្បញ្ញត្តិដែលចូលជាធរមានភ្លាមៗនេះមានបំណងធានាការប្រកួតប្រជែងអាជីវកម្ម «ដោយស្មើភាពនិងយុត្តិធម៌»។ លោកបានបន្ថែមថា ច្បាប់នេះក៏មានគោលបំណងដើម្បីធានាការការពារទិន្នន័យរបស់អ្នកប្រើប្រាស់ផងដែរ។
លោកបានព្រមានពីការអនុញ្ញាតឱ្យបណ្តាញសង្គមក្លាយជាភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិក ហាងលក់ទំនិញ និងធនាគារទាំងអស់ក្នុងពេលតែមួយ។
យោងតាមឯកសារបទប្បញ្ញត្តិដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រទទួលបានបានឱ្យដឹងថា បទប្បញ្ញត្តិនេះក៏តម្រូវឱ្យភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិកក្នុងប្រទេសឥណ្ឌូណេស៊ីកំណត់តម្លៃអប្បបរមាចំនួន ១០០ដុល្លារអាមេរិកសម្រាប់ទំនិញមួយចំនួនដែលត្រូវបានទិញដោយផ្ទាល់ពីបរទេស និងថា ផលិតផលទាំងអស់ដែលដាក់លាក់គួរតែបំពេញតាមស្តង់ដារក្នុងស្រុក។
លោក Zulfikli មិនបាននិយាយចំចំពោះ TikTok ទេ បើទោះបីជាអនុរដ្ឋមន្ត្រីរបស់គាត់គឺលោក Jerry Sambuaga បានលើកចំឈ្មោះមុខងារ «បន្តផ្ទាល់» របស់ TikTok ជាឧទាហរណ៍នៃលក់ទំនិញនៅលើបណ្តាញសង្គមក៏ដោយ។
អ្នកនាំពាក្យ TikTok ប្រចាំឥណ្ឌូណេស៊ីមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រទេកាលពីថ្ងៃពុធ។ តែកាលពីថ្ងៃចន្ទ អ្នកនាំពាក្យរបស់ក្រុមហ៊ុននេះបាននិយាយថា រដ្ឋាភិបាលគួរតែពិចារណាលើ «ជីវភាពរបស់អ្នកលក់ក្នុងស្រុកជាងប្រាំមួយលាននាក់» ដែលសកម្មនៅលើ TikTok Shop៕