
ឥណ្ឌូណេស៊ី និងអារ៉ាប៊ីសាអូឌីត នឹងសាងសង់រោងចក្រថាមពលព្រះអាទិត្យបណ្តែតទឹក

ក្រុមហ៊ុនអគ្គិសនីគ្រប់គ្រងដោយរដ្ឋរបស់ឥណ្ឌូណេស៊ី PLN កំពុងចាប់ដៃគូជាមួយក្រុមហ៊ុនថាមពល ACWA Power របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យបណ្តែតទឹកចំនួនពីរនៅលើបឹងស៊ីងការ៉ាក់ នៅលើកោះស៊ូម៉ាត្រាខាងលិច និងអាងស្តុកទឹកសាហ្គូលីង នៅកោះជ្វាខាងលិច។
ប្រធានក្រុមហ៊ុន PLN លោក ដាម៉ាវ៉ាន់ ប្រាសូដចូ បាននិយាយកាលពីពេលថ្មីៗនេះថា ការងារនេះ គឺផ្អែកទៅលើសក្តានុពលថាមពលពន្លឺព្រះអាទិត្យដ៏ធំ និងបឹង ឬអាងស្តុកទឹកដ៏ធំនៅក្នុងប្រជុំកោះនោះ ដែលអាចត្រូវបានប្រើប្រាស់ដើម្បីលើកកម្ពស់ថាមពលថ្មី និងកកើតឡើងវិញ។
លោក ដាម៉ាវ៉ាន់ បានសង្កត់ធ្ងន់ថា កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យបណ្តែតទឹកនឹងក្លាយជាបដិវត្តន៍ក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញនៅក្នុងប្រទេស។

