អ្នកធ្វើអុំរ៉ោះមកពីអ៊ីរ៉ង់ នឹងទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតលើកដំបូង នៅថ្ងៃទី១៩ ខែធ្នូខាងមុខ ក្រោយខកខានអស់រយៈពេល ៨ឆ្នាំ
អ្នកធ្វើអុំរ៉ោះមកពីអ៊ីរ៉ង់ នឹងទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតជាលើកដំបូង នៅថ្ងៃទី១៩ ខែធ្នូខាងមុខ ដើម្បីធ្វើអុំរ៉ោះ ក្រោយខកខានអស់រយៈពេល ៨ឆ្នាំ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអង្គារ លោក Abbas Hosseini ប្រធានអង្គការនៃកិច្ចការហាជ្ជី និងអុំរ៉ោះរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា មានអ្នកធ្វើអុំរ៉ោះចំនួន ៥៥០ នាក់ ដែលជាក្រុមដំបូង ក្នុងចំណោមអ្នកធ្វើអុំរ៉ោះអ៊ីរ៉ង់សរុបចំនួន ៧០,០០០ នាក់ នឹងទៅដល់ហ្ពៃតុលឡោះ ដែលស្ថិតនៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៩ ខែធ្នូ។ នេះបើតាមការផ្សាយដោយកាសែតអារ៉ាប់ Saudi Gazette នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។
លោក Abbas Hosseini បានលើកឡើងថា ពួកគេនឹងស្នាក់នៅចំនួន ១០ថ្ងៃ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយប្រាំថ្ងៃនៅទីក្រុងម៉ាក្កះ និង៥ថ្ងៃទៀតនៅទីក្រុងម៉ាឌីណះ។
លោកបានបន្ថែមថា ការបញ្ជូនអ្នកធ្វើអុំរ៉ោះអ៊ីរ៉ង់ទាំងនោះ នឹងត្រូវដំណើរការជាបន្តបន្ទាប់រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺរហូតដល់មុនខែរ៉ម៉ាឌនដ៏ពិសិដ្ឋមកដល់ បន្ទាប់ពីភាគីទាំងសងខាងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ និងទទួលបានការសម្របសម្រួលនានាពីក្រសួងកិច្ចការហាជ្ជី និងអុំរ៉ោះ នៃប្រទេសអារ៉ាប៊ីសាអូឌីត។
បើតាមលោក Hosseini ជនជាតិអ៊ីរ៉ង់ ៥.៧ លាននាក់កំពុងតម្រង់ជួររង់ចាំវេនរបស់ពួកគេ ដើម្បីទៅធ្វើអុំរ៉ោះ ខណៈអ្នកដែលបានចុះឈ្មោះកាលពីឆ្នាំ២០០៨ កន្លងទៅ ហើយមិនទាន់បានទៅនឹងទទួលបានការពិនិត្យឈ្មោះរបស់ពួកគេឡើងវិញផងដែរ ដោយអង្គការនៃកិច្ចការហាជ្ជី និងអុំរ៉ោះ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបញ្ជូនអ្នកធ្វើអុំរ៉ោះអ៊ីរ៉ង់ ចន្លោះពី ៨០០,០០០នាក់ ទៅ១លាននាក់ ជារៀងរាល់ឆ្នាំ ប្រសិនបើលក្ខខណ្ឌត្រឹមត្រូវ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតផ្តល់កិច្ចសហប្រតិបត្តិការចាំបាច់នានា។
គួរជម្រាបថា នេះគឺជាលើកដំបូងហើយដែលអ៊ីរ៉ង់នឹងបញ្ជូនអ្នកធ្វើអុំរ៉ោះរបស់ខ្លួន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីបានបញ្ឈប់ចាប់តាំងពីឆ្នាំ២០១៥ កន្លងមក ដោយមានបញ្ហាការទូត និងបន្ទាប់ពីបានបង្កើតទំនាក់ទំនងការទូតឡើងវិញ នៅអំឡុងខែមីនា ឆ្នាំ២០២៣ តាមរយៈកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសចិន៕