អ្នកថ្វាយបង្គំមូស្លីមរួមនិងជនស៊ីវិលចំនួន ១០នាក់បានស្លាប់ និង១១នាក់របួស ដោយសារការវាយប្រហារលើវិហារឥស្លាម និងអគារជនស៊ីវិល ដោយកំាំភ្លើងធំ ពីសំណាក់ក្រុមប៉ារ៉ាយោធា ក្នុងរដ្ឋធានីនៃប្រទេសស៊ូដង់
ក្រុមសកម្មជនក្នុងតំបន់ បាននិយាយថា កាំភ្លើងធំរបស់ក្រុមប៉ារ៉ាយោធា បានវាយប្រហារលើវិហារឥស្លាមមួយ និងអគារជនស៊ីវិលផ្សេងទៀត នៅក្នុងរដ្ឋធានីនៃប្រទេសស៊ូដង់ កាលពីថ្ងៃអង្គារ ទី៣ ខែតុលា បណ្តាលអោយមានមនុស្សចំនួន ១០នាក់បានស្លាប់។
នេះជាឧបទ្ទវហេតុចុងក្រោយបំផុតដែលជនស៊ីវិលជាច្រើននាក់ត្រូវបានសម្លាប់ នៅក្នុងទីក្រុង Khartoum រដ្ឋធានីនៃប្រទេសស៊ូដង់ ក្នុងអំឡុងពេលជិតប្រាំមួយខែនៃជម្លោះប្រដាប់អាវុធ រវាងមេដឹកនាំកងទ័ពស៊ូដង់ លោក Abdel Fattah Al-Burhan និងអតីតអនុប្រធានរបស់គាត់គឺ មេបញ្ជាការកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) លោក Mohamed Hamdan Daglo ។
គណៈកម្មាធិការតស៊ូក្នុងតំបន់ បាននិយាយថា ជនស៊ីវិល ១០នាក់ត្រូវបានសម្លាប់ និង១១នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ផ្លោងដោយកាំភ្លើងធំពីសំណាក់កងកម្លាំងគាំទ្ររហ័សប៉ារ៉ា នៅក្នុងសង្កាត់ Al-Samrab ឆ្លងកាត់ទន្លេ Blue Nile ទៅភាគខាងជើងនៃកណ្តាលទីក្រុង Khartoum ។
គណៈកម្មាធិការនេះគឺជាក្រុមមួយក្នុងចំណោមក្រុមជាច្រើនដែលធ្លាប់រៀបចំការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយឥឡូវនេះកំពុងផ្តល់ជំនួយក្នុងអំឡុងពេលជម្លោះ។ បាននិយាយតាមទូរស័ព្ទទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP នៅទីក្រុង Port Sudan ភាគខាងកើតថា “គ្រាប់ផ្លោងមួយចំនួនបានធ្លាក់ទៅលើវិហារអ៊ីស្លាម មណ្ឌលសុខភាព និងផ្ទះប្រជាពលរដ្ឋ”។
កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅ ប្រភពវេជ្ជសាស្រ្តបានប្រាប់ AFP ថា ជនស៊ីវិល ១៧នាក់ត្រូវបានសម្លាប់ នៅភាគខាងជើងទីក្រុង Khartoum ជាកន្លែងដែលសាក្សីបានរាយការណ៍ពីការបាញ់ផ្លោងដោយកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា។
ហើយការស្លាប់ជនស៊ីវិល១៧នាក់នោះ បានកើតឡើងពីរថ្ងៃបន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ៥១នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់រងរបួស នៅក្នុងការវាយប្រហារតាមអាកាសលើទីផ្សារភាគខាងត្បូង ទីក្រុង Khartoum។ នេះបើយោងតាមប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោក Volker Turk។
អំពើហឹង្សាដ៏អាក្រក់បំផុតត្រូវបានប្រមូលផ្តុំនៅក្នុងទីក្រុង Khartoum និងតំបន់ភាគខាងលិចនៃទីក្រុង Darfur ប៉ុន្តែនៅរដ្ឋ Kordofan ខាងជើង ត្រង់ចំណុចផ្លូវបំបែករវាងរដ្ឋធានី Khartoum និងទីក្រុង Darfur ត្រូវបានគេឃើញមានការប្រយុទ្ធគ្នាផងដែរ។
កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅ ក្នុងឱកាសថ្លែងសុន្ទរកថាពីវេទិកានៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក លោក Abdel Fattah Al-Burhan មេដឹកនាំកងទ័ពស៊ូដង់ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់ថ្នាក់កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ជាអង្គការភេរវករដើម្បីប្រឆាំងនឹងអ្នកឧបត្ថម្ភរបស់ពួកគេនៅខាងក្រៅព្រំដែននៃប្រទេសស៊ូដង់។
គួរជម្រាបថា យោងតាមរបាយការណ៍ពីអង្គការសហប្រជាជាតិ មនុស្សជិត ៧,៥០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីជម្លោះប្រដាប់អាវុធបានផ្ទុះឡើង នៅថ្ងៃទី១៥ ខែមេសា និងបានធ្វើអោយមនុស្សជិត ៤.៣លាននាក់ ត្រូវផ្លាស់ទីលំនៅ ខណៈមនុស្សប្រហែល ១.២លាននាក់បានភៀសខ្លួនឆ្លងព្រំដែន៕