• January 17, 2025
 អាមេរិក ត្រៀមទប់ទល់អាកាសធាតុត្រជាក់បំផុតក្នុងពេល ៤០ឆ្នាំ នៅចុងសប្ដាហ៍នេះ

អាមេរិក ត្រៀមទប់ទល់អាកាសធាតុត្រជាក់បំផុតក្នុងពេល ៤០ឆ្នាំ នៅចុងសប្ដាហ៍នេះ

Spread the love
Digiqole Ad


ប្រជាជនអាមេរិក កាលពីព្រហស្បតិ៍ (១៦ មករា) បានត្រៀមខ្លួនក្នុងការទប់ទល់សីតុណ្ហភាពត្រជាក់ខ្លាំងបំផុតនៅចុងសប្ដាហ៍នេះ ដែលអ្នកព្យាករនិយាយថា អាចបង្កើតលក្ខខណ្ឌគំរាមកំហែងដល់អាយុជីវិត ជុំវិញថ្ងៃពិធីឡើងកាន់តំណែងរបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ដោយត្រូវបានគេរំពឹងថានឹងត្រជាក់បំផុតក្នុងរយៈពេល ៤០ឆ្នាំ។អាកាសធាតុដ៏ជូរចត់ ដែលផ្សារភ្ជាប់នឹងកំណើនខ្យល់ត្រជាក់ “តំបន់ប៉ូល” នៃតំបន់អាកទិក ត្រូវបានគេរំពឹងថានឹងនាំមកនូវសីតុណ្ហភាពទាបខ្លាំងនៅពេលយប់រហូតដល់ -៣១អង្សាសេ នៅចុងសប្តាហ៍ សម្រាប់ផ្នែកខ្លះនៃភាគខាងជើងសហរដ្ឋអាមេរិក។លោក Trump ដែលចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា នឹងមើលឃើញពិធីស្បថកាន់តំណែងរបស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោន រងការវាយប្រហារដោយសីតុណ្ហភាពដ៏ត្រជាក់ និងខ្យល់ខ្លាំងរហូតដល់ ៤៨គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្នកឧតុនិយមនៅសេវាអាកាសធាតុជាតិ (NWS) និយាយថា ព្រិល “កម្រាស់ច្រើនសង់ទីម៉ែត្រ” ត្រូវបានព្យាករនៅថ្ងៃអាទិត្យ ១៩ មករា ក្នុងរដ្ឋធានីអាមេរិកមួយនេះ ដែលនៅតែគ្របដណ្តប់ដោយទឹកកក ពីព្យុះរដូវរងាកាលពីដើមខែមករា។

យោងតាមសេវាអាកាសធាតុជាតិបានឱ្យដឹងថា ពិធីឡើងកាន់តំណែងរបស់លោក Trump ដែលគ្រោងនឹងទាក់ទាញអ្នកទស្សនាជាង ២០០.០០០នាក់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នឹងដំណើរការទៅមុខក្រោមលក្ខខណ្ឌត្រជាក់មិនលើសពី -៦អង្សាសេនោះទេ។

ប្រសិនបើការព្យាករត្រឹមត្រូវ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា នេះនឹងក្លាយជាពិធីឡើងកាន់តំណែងមានអាកាសធាតុត្រជាក់បំផុត ចាប់តាំងពីពិធីរបស់អតីតប្រធានាធិបតី លោក Ronald Reagan ក្នុងឆ្នាំ១៩៨៥ មក នៅពេលដែលសីតុណ្ហភាពស្ថិតនៅ -១៤អង្សាសេ៕

Digiqole Ad

Related post