25 октября 2022 года. Встреча Председателя СФ с Генеральным секретарем Организации исламского сотрудничества
អគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម OIC អំពាវនាវរដ្ឋជាសមាជិកអង្គការទាំងអស់ អោយគាំទ្រករណីរបស់ហ្គាំប៊ីនៅតុលាការយុត្តិធម៌អន្តរជាតិ
ដាកា៖ អគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម OIC លោកបណ្ឌិត Hissein Brahim Taha បានអំពាវនាវរដ្ឋជាសមាជិកអង្គការទាំងអស់ អោយគាំទ្រករណីរបស់ហ្គាំប៊ីនៅតុលាការយុត្តិធម៌អន្តរជាតិ។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិតបានធ្វើទស្សនកិច្ចជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ក្នុងទីក្រុង Cox’s Bazar ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ទៅកាន់ប្រទេសបង់ក្លាដែស។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។
ករណីហ្គាំប៊ី គឺជាការអនុវត្តន៍អនុសញ្ញាស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្មនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ (The Gambia v. Myanmar) ដែលជាទូទៅគេហៅថា ករណីប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ា ដែលត្រូវបានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កំពុងបើកសវនាការ។ ករណីនេះត្រូវបានបញ្ជូនសំណុំរឿងដោយសាធារណរដ្ឋហ្គាំប៊ី ក្នុងនាមសមាជិកនៃអង្គការសហប្រតិបត្តិការអ៊ីស្លាម ក្នុងឆ្នាំ ២០១៩។
អគ្គលេខាធិការ OIC លោក Hissein Brahim Taha បានទៅដល់ប្រទេសបង់ក្លាដែសកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ហើយបានជួបជាមួយមន្ត្រីកំពូលរបស់ប្រទេស រួមទាំងនាយករដ្ឋមន្ត្រី Sheikh Hasina ផងដែរ។ ស្ថានភាពជនជាតិរ៉ូហ៊ីងយ៉ា ត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំរបស់ លោកបណ្ឌិត Taha ជាមួយមន្ត្រីបង់ក្លាដែស។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក A.K. Abdul Momen លោកបណ្ឌិត Taha បានលើកឡើងថា “រ៉ូហ៊ីងយ៉ា គឺជាបញ្ហាអាទិភាពកំពូលមួយសម្រាប់ OIC… ប្រជាជនរ៉ូហ៊ីងយ៉ាទាំងនេះកំពុងរងទុក្ខ។ ពួកគេសមនឹងទទួលបានសន្តិភាព សន្តិសុខ និងជីវិតកាន់តែប្រសើរឡើង”។ បន្ថែមពីនោះ អគ្គលេខាធិការអង្គការ OIC ក៏បានសន្យានឹងធ្វើឱ្យល្អបំផុតលើផ្នែករបស់ OIC ដើម្បីដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ាផងដែរ។
គួរជម្រាបថា ប្រទេសបង់ក្លាដែស មិនមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្តីពីជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ឆ្នាំ១៩៥១ នោះទេ ប៉ុន្តែប្រទេសនេះបានចំណាយប្រាក់ប្រមាណ ១.២ពាន់លានដុល្លារក្នុងមួយឆ្នាំ ខណៈកំពុងទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលភាគច្រើនជាមូស្លីម ជាងមួយលាននាក់ ដែលបានភៀសខ្លួនចេញពីការបង្ក្រាបយ៉ាងឃោរឃៅពីសំណាក់យោធាមីយ៉ាន់ម៉ា ក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៧៕