ស្នងការសហភាពអឺរ៉ុបនឹងអនុម័តយល់ព្រមលើកញ្ចប់វិធានការ ដាក់ទណ្ឌកម្មថ្មីលើអ៊ីស្រាអែល

អ្នកនាំពាក្យរបស់គណៈកម្មការ នៅថ្ងៃអង្គារ (ទី១៦ ខែកញ្ញា) នេះ បានឲ្យដឹងថា ស្នងការសហភាពអឺរ៉ុប (EU) នឹងយល់ព្រមលើដំណើរការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងអ៊ីស្រាអែល នៅថ្ងៃពុធ (ទី១៧ ខែកញ្ញា) ជុំវិញសង្គ្រាមរបស់ប្រទេសនេះ នៅតំបន់ហ្កាហ្សា។
អ្នកនាំពាក្យ លោកស្រី Paula Pinho បានប្រាប់អ្នកសារព័ត៌មានថា៖ «នៅថ្ងៃស្អែក (ថ្ងៃពុធ) ស្នងការនឹងត្រូវអនុម័តយល់ព្រមលើកញ្ចប់វិធានការ ប្រឆាំងនឹងអ៊ីស្រាអែល។ ជាពិសេស សំណើផ្អាកបទប្បញ្ញត្តិពាណិជ្ជកម្មមួយចំនួន នៅក្នុងកិច្ចព្រមព្រៀង រវាង EU និងអ៊ីស្រាអែល»។
ប្រមុខ EU លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃពុធសប្តាហ៍មុនថា លោកស្រីនឹងជំរុញឲ្យមានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីអ៊ីស្រាអែល «ជ្រុលនិយម» និងទប់ស្កាត់ទំនាក់ទំនងពាណិជ្ជកម្ម ជុំវិញស្ថានភាពនៅតំបន់ហ្កាហ្សា ខណៈដែលលោកស្រី បានព្រមានថា ទុរ្ភិក្សមិនអាចប្រើជា «អាវុធធ្វើសង្គ្រាម» បានឡើយ។

