សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា សហការជាមួយវិទ្យាស្ថាន IIIT រៀបចំសិក្ខាសាលាអន្តរជាតិ ស្តីពី “ការកសាងអនាគតអ្នកដឹកនាំដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមនៅកម្ពុជាក្នុងយុគសម័យទំនើប”
ភ្នំពេញ៖ សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT ដែលជាសាកលវិទ្យាល័យដំបូងគេនៅក្នុងប្រទេសកម្ពុជា មានស្ថាបនិកជាបញ្ញវន្តខ្មែរឥស្លាមមកពីក្នុង និងក្រៅប្រទេស នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានសហការជាមួយវិទ្យាស្ថាន International Institute of Islamic Thought ហៅកាត់ (IIIT) បានរៀបចំសិក្ខាសាលាអន្តរជាតិមួយ ស្តីពី “ការកសាងអនាគតអ្នកដឹកនាំដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមនៅកម្ពុជាក្នុងយុគសម័យទំនើប”។
សិក្ខាសាលានេះរៀបចំឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៤ និងទី២៥ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅសាលអគារសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ដោយមានការចូលរួមធ្វើបទបង្ហាញពីសំណាក់វាគ្មិនកិត្តិយសល្បីៗជាច្រើនរូប ដែលអញ្ជើញមកពី International Institute of Islamic Thought called (IIIT) និងមានសិក្ខាកាមចូលរួមប្រមាណ ១៤០នាក់ផងដែរ។
នាឱកាសមានមតិសំណេះសំណាលនៅក្នុងកម្មវិធីបើកសិក្ខាសាលា ឯកឧត្តមបណ្ឌិត ស្លេះ ណាស៊ី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា បានសម្តែងនូវការស្វាគមន៍ចំពោះថ្នាក់ដឹកនាំវិទ្យាស្ថាន IIIT ដែលបានសហការរៀបចំសិក្ខានេះឡើងជាលើកទី៣ ដោយបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញអ្នកដឹកនាំជំនាន់ក្រោយ ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍ឥស្លាមនៅកម្ពុជា។
ឯកឧត្តមសាកលវិទ្យាធិការ បានគូសបញ្ជាក់ថា ភាពជាអ្នកដឹកនាំមិនមែនគ្រាន់តែជាការកាន់តំណែងនៃអំណាចនោះទេ ប៉ុន្តែវាគឺជាការទទួលខុសត្រូវប្រកបដោយភាពស្មោះត្រង់ និងជាកត្តាជម្រុញសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍ផងដែរ។ ឯកឧត្តម បានលើកទឹកចិត្តឱ្យសិក្ខាកាមចូលរួមទាំងអស់យកចិត្តទុកស្តាប់ និងចាប់ឱកាសក្រេបយកចំណេះដឹង ដើម្បីជាប្រយោជន៍បម្រើសហគមន៍នាថ្ងៃខាងមុខ។
ឯកឧត្តមបណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា និងជាតំណាងវិទ្យាស្ថានអន្តរជាតិ IIIT ប្រចាំនៅកម្ពុជា ក៏បានសម្តែងនូវអំណរគុណដល់វិទ្យាស្ថានដែលជានិច្ចកាលបានគាំទ្រសកម្មភាពជាច្រើននៅកម្ពុជា ដូចជាកម្មវិធីសិក្ខាសាលា ការផ្តល់អាហារូករណ៍ ការបោះពុម្ពសៀវភៅជាដើម ដែលសមិទ្ធិផលទាំងនេះបាននិងកំពុងបម្រើការងារលើកកំពស់ក្នុងវិស័យអប់រំ ពិសេសសហគមន៍ខ្មែរឥស្លាម។
ឯកឧត្តម ក៏បានចែករំលែកនូវវិធីសាស្ត្រល្អៗដើម្បីក្លាយជាអ្នកដឹកនាំ និងការពង្រឹងសមត្ថភាពជាប្រចាំ ប្រកួតប្រជែងជាមួយនឹងទីផ្សារដែលរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសគឺបច្ចេកវិទ្យា AI។
ដោយឡែក Dato Prof Dr. Moahamad Fauzan Nordin ប្រធានវិទ្យាស្ថាន IIIT ទទួលបន្ទុកកិច្ចការអាស៊ីបូពា និងអគ្នេហ៍មានការិយាល័យនៅប្រទេសម៉ាឡេស៊ី បានថ្លែងថា សិក្ខាសាលានេះពិតជានឹងផ្តល់ចំណេះដឹងបន្ថែមដល់សិក្ខាកាមដែលមានបំណងក្លាយជាមេដឹកនាំនាថ្ងៃអនាគត ហើយលោកក៏បានសម្តែងនូវការកោតសរសើរដល់ថ្នាក់គ្រប់គ្រងសាកលវិទ្យាល័យ CUMT ដែលបានសហការរៀបចំសិក្ខាសាលានេះឡើង។
គួរជម្រាបថា សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា (CUMT) តែងតែមានកម្មវិធីសិក្ខាសាលាជាបន្តបន្ទាប់ ដើម្បីចែករំលែកចំណេះដឹងថ្មីៗដល់យុវជន សិស្សនិស្សិត ហើយនេះគឺជាលើកទី៣ សម្រាប់សាកលវិទ្យាល័យ CUMT ដែលបានរៀបចំសិក្ខាសាលាជាលក្ខណៈអន្តរជាតិ ក្រោមកិច្ចសហការជាមួយវិទ្យាស្ថាន IIIT៕