សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ពិន័យក្លឹបបាល់ទាត់មួយរបស់ម៉ាឡេស៊ី ដោយសារអ្នកគាំទ្ររបស់ខ្លួនលើកផ្ទាំងបដាដែលមានខ្លឹមសារប្រមាថមើលងាយ
គណៈកម្មាធិការវិន័យ និងក្រមសីលធម៌ នៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានធ្វើការដាក់ពិន័យទៅលើក្លឹបបាល់ទាត់ Selangor FC របស់ប្រទេសម៉ាឡេស៊ី នូវទឹកប្រាក់ចំនួន ២៤,៥០០ដុល្លារអាមេរិក (RM110,286) ដោយសារអ្នកគាំទ្ររបស់ខ្លួនលើកផ្ទាំងបដាដែលមានខ្លឹមសារប្រមាថមើលងាយ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន NST Online នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។
នៅក្នុងការប្រកួត Asian Champions League 2 (ACL2) កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ នៅកីឡដ្ឋាន MBPJ រវាងក្រុម Selangor របស់ម៉ាឡេស៊ី ជាមួយក្រុម Jeonbuk Hyundai Motors របស់កូរ៉េខាងត្បូង អ្នកគាំទ្ររបស់ក្រុម Selangor បានលើកបដាប្រមាថ ការពន្យារពេលនៃការចាប់ផ្តើមតង់ទីពីរ និងការខកខានក្នុងការថែរក្សាច្បាប់ និងសណ្តាប់ធ្នាប់ក្នុងកីឡដ្ឋាន។
ជុំវិញបញ្ហានេះ គណៈកម្មាធិការវិន័យ និងក្រមសីលធម៌របស់ AFC បានរកឃើញថា ក្រុមយក្សក្រហមមានពិរុទ្ធពីបទរំលោភលើមាត្រាចំនួនបីក្រោមក្រមវិន័យ និងក្រមសីលធម៌របស់ AFC និងសៀវភៅណែនាំប្រតិបត្តិការប្រកួតប្រជែងរបស់ AFC ៕