
សម្តេចរដ្ឋសភាធិបតីឃួន សុដារី ៖ “យើងត្រូវស្តារឡើងវិញនិងបង្កើនពហុភាគីនិយមដែលបើកចំហហើយអាស៊ានដើរតួនាទីកាន់តែសំខាន់ក្នុងរឿងនេះ

ភ្នំពេញ៖ ក្នុងនាមម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយ អន្តរសភាអាយប៉ាលើកទី១៦ (The 16th AIPA Caucus Meeting) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ស្វាគមន៍គណៈប្រតិភូអន្តរសភាអាស៊ាន (អាយប៉ា/AIPA) គណៈប្រតិភូសង្កេតការណ៍ គណៈប្រតិភូដែលជាភ្ញៀវរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ នៅវិមានរដ្ឋសភាកម្ពុជា។
នៅមុនពិធីបើកជាផ្លូវការកិច្ចប្រជុំ AIPA Caucus នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សម្តេចប្រធានរដ្ឋសភា បានទទួលជួបសវនាការនិងស្វាគមន៍ជាមួយប្រធានគណៈប្រតិភូបរទេសដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ ដោយសម្តេចបានគូសបញ្ជាក់ថា”យើងមានមោទនភាពចំពោះសមិទ្ធផលរបស់ AIPA សម្រេចបាននិងកំពុងបន្តឆ្ពោះទៅមុខកាន់តែស្វាហាប់ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយអាស៊ាន ដៃគូក្នុងតំបន់ និងអន្តរជាតិផ្សេងទៀត។ ជាការពិតណាស់ យើងត្រូវខិតខំបន្ថែមទៀតដើម្បីរក្សាកិច្ចសហប្រតិបត្តិការក្នុងការពង្រីកបេសកកម្មរបស់យើងដើម្បីប្រជាពលរដ្ឋ។”
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ចំណងមិត្តភាព និងមិត្តភាពផ្ទាល់ខ្លួន គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការកសាងសហគមន៍។ មិត្តភាព និងសាមគ្គីភាពនឹងបន្តកាន់តែស៊ីជម្រៅ និងលើកកម្ពស់បន្ថែមទៀត ដើម្បីផលប្រយោជន៍រួមក្នុងតំបន់និងសកលលោក។ បច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ ដែលអភិបាលកិច្ចសកល និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់បានកំពុងធ្លាក់ចុះ។ ប្រភព៖ រដ្ឋសភា





