វីរៈកីឡាករ Jiu Jitsu សញ្ជាតិប្រេស៊ីល លោក Royce Gracie ដែលជាម្ចាស់ជើងឯក UFC ដំបូងគេបង្អស់ បានសម្រេចចិត្តប្តូរមកកាន់សាសនាឥស្លាម
ជារឿងដ៏គួរអោយភ្ញាក់ផ្អើល និងនឹកស្មានមិនដល់! វីរៈកីឡាករ Jiu-Jitsu សញ្ជាតិប្រេស៊ីល លោក Royce Gracie ដែលជាម្ចាស់ជើងឯក UFC ដំបូងគេបង្អស់ បានសម្រេចចិត្តប្តូរមកកាន់សាសនាឥស្លាម។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Middle East Monitor នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។
ការសម្រេចចិត្តប្តូរមកកាន់សាសនាឥស្លាមរបស់លោក បានធ្វើឡើងក្នុងឱកាសដែលលោកចូលរួមបទសម្ភាសន៍ជាមួយកម្មវិធី The Deen Show ដែលរៀបចំដោយលោក Eddie Redzovic និងមានការចូលរួមដោយ shaykh Uthman ibn Farooq ចាក់ផ្សាយកាលពីថ្ងៃសុក្រ តាមរយៈការស្នើសុំពីម្ចាស់ខ្សែក្រវ៉ាត់ខ្មៅ Idriz Redzovic ក្នុងបំណងអោយលោក Royce Gracie បកស្រាយជុំវិញអ្វីដែលលោកធ្លាប់បានបង្ហាញជំហជាមួយអ៊ីស្រាអែល អំពីបញ្ហាសង្គ្រាមនៅហ្គាហ្សា នៅក្នុងបណ្តាញសង្គម Instagram កាលពីពេលថ្មីៗកន្លងទៅ ដែលនាំអោយមានការរិះគន់ជាខ្លាំងពីសំណាក់មហាជន។
នៅក្នុងបទសម្ភាសន៍ បន្ទាប់ពីបានស្តាប់រឿងរ៉ាវដែលបានកើតឡើងនៅហ្គាហ្សា ក៏ដូចជានៅប៉ាឡេស្ទីនទាំងមូល លោក Royce Gracie បានលើកឡើងអំពីគំនិតរបស់លោកចំពោះសាសនាឥស្លាម និងអំពើប្រល័យពូជសាសន៍ដែលកំពុងកើតឡើងនៅហ្គាហ្សា និងបង្ហាញពីបំណងចង់ទៅទស្សនាទីក្រុងម៉ាក្កះដ៏ពិសិដ្ឋផងដែរ។
ហើយនៅចុងបញ្ចប់ លោកបានទទួលយក shahada ឬថ្លែងការទទួលស្គាល់ថា “គ្មានទេម្ចាស់ដែលត្រូវគេគោរពប្រតិបត្តិក្រៅពីអល់ឡោះ! ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់ព្រះ”។
គួរជម្រាបថា លោក Royce Gracie គឺជាវីរបុរសរបស់ប្រទេសប្រេស៊ីល លើប្រភេទកីឡា Jiu-Jitsu (BJJ) និងជាឥស្សរជនដ៏មានឥទ្ធិពលបំផុតមួយរូបនៅក្នុងប្រវត្តិសាស្រ្ត ដែលបានត្រួសត្រាយផ្លូវនៃសិល្បៈក្បាច់គុនចម្រុះ (MMA) ទៅកាន់ពិភពលោក៕