
Prof. Muhammad Yunus, chief adviser of Bangladesh’s interim government, addresses foreign diplomats in Dhaka on Aug. 18, 2024. (Bangladesh Chief Adviser’s Press Wing)
លោក Muhammad Yunus៖ រដ្ឋាភិបាលនឹងរៀបចំការបោះឆ្នោតថ្មី បន្ទាប់ពីការកែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យសំខាន់ៗ

លោក Muhammad Yunus បាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសបង់ក្លាដែសនឹងរៀបចំការបោះឆ្នោតថ្មី បន្ទាប់ពីការកែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យសំខាន់ៗ។ នេះជាការលើកឡើងរបស់លោក នៅក្នុងសន្និសីទពិសេសមួយ នៅទីក្រុង Dhaka ទៅកាន់អ្នកការទូតបរទេសជាលើកដំបូង បន្ទាប់ពីចូលកាន់តំណែងជាប្រធានរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេស បន្ទាប់ពីនាយករដ្ឋមន្រ្តី Sheikh Hasina បានលាលែងពីតំណែង ហើយបានភៀសខ្លួន ចំពេលមានការតវ៉ាដោយហិង្សាអំពាវនាវអោយលោកស្រីចុះចេញពីតំណែង។
លោក Muhammad Yunus បានមានប្រសាសន៍ថា៖ “យើងនឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅពេលយើងអាចបញ្ចប់អាណត្តិរបស់យើង ដើម្បីអនុវត្តកំណែទម្រង់សំខាន់ៗនៅក្នុងគណៈកម្មាធិការរៀបចំការបោះឆ្នោត តុលាការ រដ្ឋបាលស៊ីវិល កងកម្លាំងសន្តិសុខ និងប្រព័ន្ធផ្សព្វផ្សាយ”។
លោកបានបន្តថា៖ “យើងនឹងធ្វើកំណែទម្រង់សេដ្ឋកិច្ចដ៏រឹងមាំ និងទូលំទូលាយ ដើម្បីស្តារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរក្សាកំណើនប្រកបដោយនិរន្តរភាពជាមួយនឹងអាទិភាពដែលភ្ជាប់ទៅនឹងអភិបាលកិច្ចល្អ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការគ្រប់គ្រងមិនត្រឹមត្រូវ”។
គួរជម្រាបថា លោក Muhammad Yunus ត្រូវបានគេស្គាល់ថាជាអ្នកធនាគារ ដែលក្នុងឆ្នាំ១៩៨៣ លោក Yunus បានចាប់ផ្ដើមបើកធនាគារមួយឈ្មោះថា Grameen Bank ដែលផ្តល់នូវកម្ចីខ្នាតតូច និងរយៈពេលវែង ដើម្បីជួយប្រជាពលរដ្ឋក្រីក្រឲ្យបង្កើតជំនួញផ្ទាល់ខ្លួន។ គំនិតផ្តួចផ្ដើមកម្ចីខ្នាតតូចនេះ បានទទួលជោគជ័យនៅជុំវិញពិភពលោក ចាប់តាំងពីពេលនោះមក។ នៅក្នុងឆ្នាំ២០០៦ លោក Yunus រួមទាំងធនាគារ Grameen Bank របស់លោក បានឈ្នះនូវពានរង្វាន់សន្ដិភាពណូបែល៕
