រដ្ឋាភិបាលម៉ាឡេស៊ីពិចារណាបន្តបេសកកម្មមនុស្សធម៌ ក្នុងការនាំយកជនស៊ីវិលប៉ាឡេស្ទីនដែលរងរបួសពីការវាយពីសំណាក់អ៊ីស្រាអែលនៅហ្គាហ្សា ដើម្បីមកព្យាបាលក្នុងប្រទេស
ម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេស៊ីពិចារណាបន្តបេសកកម្មមនុស្សធម៌ក្នុងការនាំយកជនស៊ីវិលប៉ាឡេស្ទីនដែលរងរបួសពីការវាយពីសំណាក់អ៊ីស្រាអែលនៅហ្គាហ្សា ដើម្បីមកព្យាបាលក្នុងប្រទេស។ នេះបើតាមការលើកឡើងរបស់ រដ្ឋមន្ត្រីការពារជាតិ Datuk Seri Mohamed Khaled Nordin ក្នុងឱកាសចូលរួមពិធីអបអរខែជាតិថ្នាក់ក្រសួង ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារព័ត៌មាន NST Online នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីការពារជាតិ Datuk Seri Mohamed Khaled Nordin បាននិយាយថា រហូតមកដល់ពេលនេះ ការនាំយកជនស៊ីវិលប៉ាឡេស្ទីនមកព្យាបាលនៅមានកំណត់ ដោយសារវាមិនងាយស្រួលក្នុងការជួយសម្រួលដល់ការមកដល់របស់ពួកគេ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ជនស៊ីវិលប៉ាឡេស្ទីន ៤១នាក់ដែលរងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា អមដោយសាច់ញាតិរបស់ពួកគេចំនួន ៨៦នាក់ បានមកដល់មូលដ្ឋានទ័ពអាកាស Subang ដោយសុវត្ថិភាព តាមរយៈយន្តហោះ Airbus A400M ចាកចេញពីមូលដ្ឋានអាកាស Almaza ក្នុងប្រទេសអេហ្ស៊ីប។
បេសកកម្មនេះបានធ្វើឡើងបន្ទាប់ពីការប្រកាសរបស់នាយករដ្ឋមន្រ្តី Anwar Ibrahim នៅឯការជួបជុំសាមគ្គីភាពប៉ាឡេស្ទីនកាលពីថ្ងៃទី៤ ខែសីហា នៅទីក្រុងគូឡាឡាំពួ ដែលគាត់បាននិយាយថា ប្រទេសនេះនឹងផ្តល់ការព្យាបាលដល់ជនស៊ីវិលប៉ាឡេស្ទីនដែលរងរបួស។
គួរជម្រាបថា ការវាយប្រហារដ៏ឃោរឃៅរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បន្ទាប់ពីហេតុការណ៍ ៧ តុលាមក បានសម្លាប់ជនជាតិប៉ាឡេស្ទីនកើនឡើងដល់ជាង ៤០,០០០នាក់ ខណៈអ្នករងរបួសជាង ៩២,០០០នាក់ ដែលភាគច្រើនជាជនស៊ីវិល៕