
មនុស្សជាង ៥លាននាក់ ក្នុងប្រទេសចំនួន១៦ នៅទូទាំងអាហ្វ្រិកខាងលិច និងកណ្តាល បានរងផលប៉ះពាល់ដោយទឹកជំនន់នៅឆ្នាំនេះ

ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សជាង ៥ លាននាក់នៅក្នុងប្រទេសចំនួន១៦ នៅទូទាំងអាហ្វ្រិកខាងលិច និងកណ្តាលត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់នៅឆ្នាំនេះ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា នៅអាហ្វ្រិកខាងលិច និងកណ្តាល ទឹកជំនន់បានឈានដល់កម្រិតមហន្តរាយ ដោយប្រទេសឆាដ នីហ្សេ និងនីហ្សេរីយ៉ា ស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេ ដែលមានចំនួនជាង ៨០ភាគរយ នៃប្រជាជនដែលរងផលប៉ះពាល់។
ការិយាល័យដដែលបានបន្តថា មនុស្សជាង ១,០០០នាក់ ត្រូវបានសម្លាប់ ហើយយ៉ាងហោចណាស់មនុស្ស ៧៤០,០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ។ លើសពីនេះ ផ្ទះរាប់សែនខ្នង សាលារៀនជាង ១០០កន្លែង និងកន្លែងសុខភាពរាប់សិបខ្នងត្រូវបានខូចខាត។ ដីស្រែចម្ការជិត ៥០ម៉ឺនហិចតាត្រូវបានរងផលប៉ះពាល់។


