ព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសដាក់ឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួមជាផ្លូវការ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដោយមានការសហការយ៉ាងជិតស្និទ្ធ និងស៊ីជម្រៅនាពេលកន្លងមកនៃប្រទេសទាំងពីរបានយ៉ាងល្អប្រសើរ។
តាមរយៈការឡាយព្រះហស្តលេខាប្រកាសឱ្យប្រើច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួមជាផ្លូវការ ពីសំណាក់ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានេះ កម្ពុជាសង្ឃឹមថានឹងក្លាយជាកម្លាំងចលករជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។
កិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញទៅកាន់ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ដ៏ទៃទៀតក្នុងតំបន់បជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើងដែលជាតំបន់ស្ថិតនៅក្បែរនោះ។ ចំពោះទំនិញសំខាន់ៗរបស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធ ឬត្រូវលើកលែងពន្ធ។
ទន្ទឹមគ្នានេះ កម្ពុជាអាចពិចារណាក្នុងការនាំចូលនូវមុខទំនិញអទិភាពដែលមានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងដើម្បីបំពេញតម្រូវការក្នុងស្រុក ដូចជាប្រេងរំអិល ជ័រកៅស៊ូក្រាលថ្នល់ និងចំណីសត្វជាដើម។ លើសពីនេះទៅទៀតកម្ពុជា ក៏អាចទាក់ទាញក្រុមហ៊ុនវិនិយោគរបស់អេមីរ៉ាតអារ៉ាប់រួម និងច្បាមយកកំណើនភ្ញៀវទេសចរពីប្រទេសនេះបានផងដែរ។
គួរជម្រាបថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមផងដែរ។ យោងតាមទិន្នន័យពាណិជ្ជកម្មកម្ពុជានាពេលកន្លងមក៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម សម្រេចបានប្រមាណ ១០០ លានដុល្លារ ក្នុងឆ្នាំ២០២០ និង ១៥០ លានដុល្លារក្នុងឆ្នាំ២០២១ កើនឡើងក្នុងអត្រាប្រមាណ ៥០% ដែលទីផ្សារទំនិញភាគច្រើន រួមមាន៖ វាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ ប្រេង ចំណីសត្វ ជី រ៉ែ ថ្នាំជក់ និងផលិតផលធ្វើពីសេរ៉ាមិកជាដើម៕