ព្រះករុណា ព្រះមហាក្សត្រ មានទំនុកចិត្តយ៉ាងមុតមាំថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំ និងបន្តថែរក្សាទំនាក់ទំនងមិត្តភាពដែកថែប សម្រាប់មនុស្សជំនាន់ក្រោយ
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាមានព្រះរាជឱង្ការថា ក្នុងកាលៈទេសៈនៃការប្រែប្រួលស្ថានការណ៍ពិភពលោកដែលកំពុងកើតមាន ព្រះអង្គមានទំនុកចិត្តយ៉ាងមុតមាំថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំនិងបន្តអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ខណៈបន្តថែរក្សាទំនាក់ទំនងមិត្តភាពដែកថែប ដែលជារតនសម្បត្តិដ៏មានតម្លៃបំផុត សម្រាប់មនុស្សជំនាន់ក្រោយ។ នេះបើតាមព្រះរាជសារលិខិតរបស់ព្រះករុណាព្រះមហាក្សត្រ ផ្ញើជូនឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងព្រះរាជសារលិខិត ព្រះករុណា ព្រះមហាក្សត្រមានព្រះរាជឱង្ការម្លឹកថា ប្រវត្តិសាស្ត្រដ៏យូរលង់នៃមិត្តភាពជាប្រពៃណីរបស់យើង ដែលត្រូវបានបង្កើតឡើង និងជូនជ្រុំ ដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ» និងឯកឧត្តមប្រធាន ម៉ៅ សេទុង ក៏ដូចជា ឯកឧត្តម ជូ អេនឡាយ នាយករដ្ឋមន្ត្រីចិន ព្រមទាំងត្រូវបានជំរុញដោយថ្នាក់ដឹកនាំ ជំនាន់ក្រោយៗទៀត នៃប្រទេសទាំងពីរ មានការរីកចម្រើនប្រកបដោយភាពស៊ីជម្រៅ និងវិសាលភាព បើទោះបីជាមានការផ្លាស់ប្តូរយ៉ាងឆាប់ហ័សនៅក្នុងប្រទេសទាំងពីរ និងក្នុងតំបន់ក៏ដោយ។ ព្រះអង្គបន្តថា ចំណងមិត្តភាពដ៏ល្អប្រសើររបស់ពួកយើង ត្រូវបានដំឡើងទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១០ និងសហគមន៍វាសនារួមក្នុងឆ្នាំ២០១៩ និងបានវិវឌ្ឍទៅជាមិត្តភាពដែកថែប ដោយផ្អែកលើគោលការណ៍នៃការជឿជាក់ផ្នែកនយោបាយស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
ព្រះមហាក្សត្រ ព្រះអង្គមានសេចក្តីសោមនស្សរីករាយ ដែលមើលឃើញសមិទ្ធផលគួរឱ្យកត់សម្គាល់របស់យើង លើគ្រប់វិស័យ និងមានទំនុកចិត្តយ៉ាងពេញទំហឹងថា កិច្ចសហប្រតិបត្តិការជាក់ស្ដែងរបស់យើង និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលទើបបង្កើតថ្មី នឹងបន្តកាន់តែស៊ីជម្រៅ និងរីកចម្រើន ដើម្បី ជំរុញកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
ព្រះករុណា ព្រះមហាក្សត្រមានព្រះរាជឱង្ការទៀតថា៖ «កម្ពុជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានារបស់ចិន ដែលបានបង្កើតឡើង។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម ខ្ញុំជឿជាក់យ៉ាងមុតមាំថា ចិននឹងបន្តទទួលបាននូវភាពរីកចម្រើន វិបុលភាព និងការអភិវឌ្ឍបន្ថែមទៀត។ ក្នុងកាលៈទេសៈនៃការប្រែប្រួលស្ថានការណ៍ពិភពលោកដែលកំពុងកើតមាន ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថាចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំ និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ខណៈបន្តថែរក្សាទំនាក់ទំនងមិត្តភាពដែកថែប ដែលជារតនសម្បត្តិដ៏មានតម្លៃបំផុត សម្រាប់ មនុស្សជំនាន់ក្រោយ»។ ព្រះមហាក្សត្រក៏បានបន្ថែមថា កម្ពុជានឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ គាំទ្រគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ ហើយនឹងធ្វើការរួមគ្នាជាមួយមិត្តចិន ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើ វិស័យនានា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសយើងទាំងពីរក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
ដោយឡែកក្នុងលិខិតរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ផ្ញើថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្ដមបានថ្លែងថា៖ «តាងនាមរដ្ឋាភិបាល និងប្រជាជនចិន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង សូមសម្ដែង នូវអំណរសាទរយ៉ាងកក់ក្តៅបំផុតថ្វាយព្រះករុណា និងតាមរយៈព្រះករុណា ជូនចំពោះប្រជាជនកម្ពុជាជាបងប្អូន ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា»។ ឯកឧត្ដមបានបន្តថា ក្នុងរយៈពេល ៦៥ឆ្នាំ កន្លងមកនេះ ទំនាក់ទំនងចិន-កម្ពុជា បានបន្តរីកចម្រើនកាន់តែរឹងមាំ ថែមទៀត ទោះបីជាមានការប្រែប្រួលនៃស្ថានការណ៍អន្តរជាតិក៏ដោយ។
ឯកឧត្ដមប្រធានាធិបតីក៏បានរម្លឹកអំពីព្រះករុណា ព្រះមហាក្សត្រដែលបានបន្តមរតក របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ -ក្នុងកិច្ចខិតខំប្រឹងប្រែង និងការគាំទ្រយ៉ាងខ្ជាប់ខ្ជួន ដើម្បីពង្រឹងមិត្តភាពរវាងកម្ពុជា និងចិន ដែលអាចចាត់ទុកបានថា ប្រទេសចិន ជាមាតុភូមិទី ២ ដែលតែងតែស្វាគមន៍ព្រះអង្គ។ នៅដើមឆ្នាំនេះ ព្រះករុណា និងខ្ញុំបានជួបគ្នានៅប៉េកាំង និងបានផ្លាស់ប្ដូរសារលិខិត សំដៅរួមគ្នាជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
ឯកឧត្ដមប្រធានាធិបតីក៏បានសម្ដែងនូវសេចក្តីសោមនស្សរីករាយដោយ បានសង្កេតឃើញថា កិច្ចសហប្រតិបត្តិការត្បូងពេជ្រចិន-កម្ពុជា មានការរីកចម្រើនយ៉ាងស៊ីជម្រៅ និង ក្នុងវិសាលភាពធំទូលាយ រួមមានវឌ្ឍនភាពនៃគម្រោងបង្កើត “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និង“ច្រករបៀងមច្ឆា និងអង្ករ» ក្នុងខណៈដែលសម្រេចបាននូវលទ្ធផលផ្លែផ្កានៃឆ្នាំមិត្តភាពចិន-កម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត។
ឯកឧត្ដមប្រធានាធិបតីក៏បានសង្កត់ធ្ងន់ថា៖ «ខ្ញុំផ្តល់សារៈសំខាន់ ខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា និងត្រៀមខ្លួនជាស្រេច ក្នុងការខិតខំប្រឹងប្រែងរួមគ្នា ជាមួយព្រះករុណា ដើម្បីនាំមកនូវជោគជ័យ និងផលប្រយោជន៍ជាក់ស្ដែងបន្ថែមទៀតជូនប្រជាជន នៃប្រទេសទាំងពីរ»៕