A pro-Palestinian demonstrator holds a placard reading “Every Day is Oct. 7” while a banner reads “From the Sea to the River” during a demonstration simultaneous with a pro-Israeli commemoration marking the anniversary of the October 7, 2023 Hamas attack, in Amsterdam, Netherlands, Monday, Oct. 7, 2024. (AP Photo/Peter Dejong)
ប៉ូលិសហូឡង់ចាប់ខ្លួនបាតុករគាំទ្រប៉ាឡេស្ទីនរាប់សិបនាក់ នៅទីក្រុង Amsterdam ដោយចោទប្រកាន់ពីបទ “បំពានច្បាប់ស្ដីពីការជួបជុំជាសាធារណៈ” នៅក្នុងការប្រមូលផ្តុំគ្នាប្រារព្ធខួបមួយឆ្នាំនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា
ប៉ូលិសហូឡង់ កាលពីថ្ងៃច័ន្ទ បានចាប់ខ្លួនបាតុករដែលគាំទ្រប៉ាឡេស្ទីនរាប់សិបនាក់ នៅទីក្រុង Amsterdam ដោយចោទប្រកាន់ពីបទ “បំពានច្បាប់ស្ដីពីការជួបជុំជាសាធារណៈ” នៅក្នុងការប្រមូលផ្តុំគ្នាប្រារព្ធខួបមួយឆ្នាំនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
មន្ត្រីកុប្បកម្មដែលកាន់ខែល និងដំបងត្រូវបានដាក់ពង្រាយជាកម្លាំងនៅក្នុងរដ្ឋធានីរបស់ប្រទេសហូឡង់ ខណៈដែលមនុស្សបានប្រមូលផ្តុំគ្នានៅទីលាន មជ្ឈមណ្ឌល Dam ដើម្បីកាន់ទុក្ខអ្នកដែលត្រូវបានសម្លាប់ចាប់តាំងពីមួយឆ្នាំមុន។
ខណៈពេលដែលក្រុមគាំទ្រអ៊ីស្រាអែលកំពុងស្តាប់សុន្ទរកថា និងការប្រគុំតន្ត្រី ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បានស្រែកជាមួយនឹងពាក្យប្រឆាំង។ ភា្លមៗ ប៉ូលិសបានឡោមព័ទ្ធបាតុករគាំទ្រប៉ាឡេស្ទីនរាប់សិបនាក់ដែលបានបិទមុខ និងគ្រវីទង់ ហើយដេញពួកគេអោយនៅឆ្ងាយពីការជួបជុំក្រុមបាតុករគាំទ្រអ៊ីស្រាអែល។ ប៉ូលិសបានព្រមានពួកគេអោយបំបែកគ្នា ប៉ុន្តែក្រោយមកបានប្រកាសថា ពួកគេបានចាប់ខ្លួនក្រុមនេះ ពីបទ “បំពានច្បាប់ស្ដីពីការជួបជុំជាសាធារណៈ”។
គួរជម្រាបថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើងបន្ទាប់ពីហេតុការណ៍ថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន ១,២០៦នាក់ និងមនុស្ស ២៥១នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង។ ប៉ុន្តែទោះបីយ៉ាងណា ការវាយប្រហារសងសឹកជាបន្តបន្ទាប់ពីសំណាក់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ជិត ៤២,០០០ នាក់ ដែលភាគច្រើនជាស្ត្រីនិងកុមារ ហើយប្រជាជនជិត ២.៤លាននាក់ត្រូវបានជម្លៀស ចំពេលមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ៕