• December 19, 2024
 បណ្តាប្រទេសអារ៉ាប់ រួមមាន អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងអេហ្ស៊ីប បានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការសម្របសម្រួលដើម្បីស្វែងរកការបញ្ចប់ជម្លោះនៅស៊ូដង់

បណ្តាប្រទេសអារ៉ាប់ រួមមាន អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងអេហ្ស៊ីប បានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការសម្របសម្រួលដើម្បីស្វែងរកការបញ្ចប់ជម្លោះនៅស៊ូដង់

Spread the love
Digiqole Ad

រីយ៉ាដ៖ បណ្តាប្រទេសអារ៉ាប់ រួមមាន អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម និងអេហ្ស៊ីប បានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការសម្របសម្រួលដើម្បីស្វែងរកការបញ្ចប់ជម្លោះនៅស៊ូដង់។ នេះបើតាមការផ្សាយដោយកាសែតអារ៉ាប់ Saudi Gazette នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

ជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសស៊ូដង់ បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ ទី១៥ ខែមេសា រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF) បណ្តាលអោយមនុស្សយ៉ាងហោចណាស់ជាង ៥០០នាក់បានស្លាប់ និងជាង៤ពាន់នាក់ផ្សេងទៀតបានរងរបួស គិតត្រឹមថ្ងៃទី២៥ ខែមេសា។

ទោះបីយ៉ាងណា ភាគជម្លោះដែលកំពុងប្រយុទ្ធគ្នាក្នុងប្រទេសស៊ូដង់ បានយល់ព្រមនៅក្នុងបទឈប់បាញ់មួយ ដែលមានរយៈពេល ៧២ម៉ោង ក្រោមការសម្របសម្រួលនិងកិច្ចខិតខំប្រឹងប្រែងរបស់ សហរដ្ឋអាមេរិក ដោយមានការចូលរួមពីបណ្តាប្រទេសអារ៉ាប់ រួមមាន អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម និងអេហ្ស៊ីប។

កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បាននិយាយថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសអារ៉ាប់ បានសម្រុះសម្រួលអោយមានបទឈប់បាញ់ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រ ថ្ងៃច័ន្ទ ទី២៤ ខែមេសា។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា បន្ទាប់ពីការចរចាដ៏តឹងតែងក្នុងរយៈពេល ៤៨ម៉ោងកន្លងមក កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF) បានយល់ព្រមអនុវត្តបទឈប់បាញ់ទូទាំងប្រទេស រយៈពេល ៧២ម៉ោង ដែលចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រ ថ្ងៃទី២៤ ខែមេសា។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល បានបន្តថា ក្នុងអំឡុងពេលនេះ សហរដ្ឋអាមេរិកក៏បានជំរុញឱ្យ SAF និង RSF រក្សាបទឈប់បាញ់ជាបន្ទាន់ និងពេញលេញ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាយូរអង្វែង ដែលសហរដ្ឋអាមេរិក នឹងធ្វើការសម្របសម្រួលជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ និងអ្នកពាក់ព័ន្ធជនស៊ីវិលស៊ូដង់។

ដោយឡែក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រើអំណាចរបស់ពួកគេដើម្បីអោយស៊ូដង់ត្រឡប់ទៅមាគ៌ានៃការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីរដ្ឋប្រហារយោធាបានកើតឡើង កាលឆ្នាំ២០២១កន្លងទៅ៕

Digiqole Ad

Related post