
នាវាពេទ្យបារាំងដំបូងគេបានចូលចតនៅអេហ្ស៊ីបដើម្បីធ្វើការព្យាបាលអ្នករបួសនៅតំបន់ហ្គាហ្សាស្ទ្រីប

ក្រុងប៉ារីសៈ រដ្ឋមន្ត្រីការពារជាតិលោក Sebastien Lecornu បាននិយាយកាលពីថ្ងៃអង្គារនេះថា នាវាផ្ទុកឧទ្ធម្ភាគចក្រ Dixmude បំពាក់ដោយប្លុកប្រតិបត្តិការចំនួនពីរដែលមាន គ្រែ 40 និងបុគ្គលិកពេទ្យ 80នាក់ របស់បារាំងបានចូលចតក្នុងប្រទេសអេហ្ស៊ីបហើយ ដើម្បីចាប់ផ្តើមព្យាបាលកុមារនិងអ្នករបួសជាច្រើននៅតំបន់ហ្គាហ្សាស្ទ្រីបនៅក្នុងសប្តាហ៍នេះ។ ជាក់ស្តែង ការមកដល់របស់កប៉ាល់នេះកើតឡើងចំពេលមានបទឈប់បាញ់មួយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជាមួយការដោះដូរចំណាប់ខ្មាំងរវាងគ្នាទៅវិញទៅមក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា បទឈប់បាញ់បណ្តោះអាសន្នរវាងប្រទេសទាំងពីរនេះបានផ្តល់ឱកាសមួយដើម្បីទទួលបានជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ្គាហ្សា និងបង្កើនភាពងាយស្រួលក្នុងការជម្លៀសជនស៊ីវិលដែលរងរបួសទៅកន្លែងសុវត្ថិភាព។


