• December 18, 2024
 ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ស្នើរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មកាតា ជំរុញវិនិយោគិនមកកម្ពុជា

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ស្នើរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មកាតា ជំរុញវិនិយោគិនមកកម្ពុជា

Spread the love
Digiqole Ad

(កាតា)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជួបពិភាក្សាការងារជាមួយលោក Mohammad Bin Hamad Bin Qasim Al-Abdullah Al-Thani រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងជាក្រុមប្រឹក្សាអាជ្ញាធរវិនិយោគកាតា (QIA) នៅទីស្តីការក្រសួង ក្នុងទីក្រុងដូហា ប្រទេសកាតា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ជំនួបនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាតា លើវិស័យពាណិជ្ជកម្ម វិស័យកសិកម្ម ការងារវិនិយោគ និងឧស្សាហកម្ម ដើម្បីជាផលប្រយោជន៍រួម នៃភាគីទាំងពីរ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រាបនូវចំណុចសំខាន់ៗ នៃវិស័យកសិកម្មរបស់កម្ពុជា ដោយក្នុងមួយឆ្នាំៗ កម្ពុជាអាចផលិតស្រូវ បានលើសពី៧លានតោន និងគ្រាប់ស្វាយចន្ទីអាចផលិតបាន១លានតោន ដោយមានគុណភាពខ្ពស់លើពិភពលោក ហើយលោកបានបញ្ជាក់ថា ឧស្សាហកម្ម​ហាឡាល​ នៅកម្ពុជា ក៏មាន​ការ​អភិវឌ្ឍ​ផងដែរ។

ប៉ុន្តែជុំវិញការវេចខ្ចប់សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ កម្ពុជានៅមានបញ្ហាខ្វះខាតនៅឡើយ ដូច្នេះទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្នើភាគីកាតា ជួយផ្សព្វផ្សាយ និងកៀរគរ អ្នកវិនិយោគកាតា មកវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាសម្បូរវត្ថុធាតុដើមដែលមានគុណភាព មានតម្លៃពលកម្មទាប ហើយរដ្ឋាភិបាលកម្ពុជាមានច្បាប់អនុគ្រោះជាច្រើន សម្រាប់អ្នកវិនិយោគបរទេស ដែលជាឱកាសសម្រាប់វិនិយោគិនមក ធ្វើការវិនិយោគលើ វិស័យសំខាន់ៗ មានដូចជា កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ការផលិតម្ហូបអាហារ ឧស្សាហកម្មឈើខ្លឹមចន្នន៍ និងផ្សេងៗទៀត។

លោកក៏បានលើកឡើង ពីភាពរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានបង្កនូវភាពងាយស្រួលដល់វិនិយោគទុនក្នុងស្រុក  ធ្វើការស្ដារហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗជាច្រើន មានដូចជា ការសាងសង់ផ្លូវល្បឿនលឿន ព្រលានយន្តហោះថ្មីៗ កំពង់ផែកម្រិតអន្តរជាតិ ស្ពាន និងវិស័យសំខាន់ៗផ្សេងៗជាច្រើនទៀត។ ជាពិសេសកម្ពុជា កំពុងជីកព្រែកហ្វូណនតេជោ ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចជាតិមានកើនឡើងជាបន្តបន្ទាប់។

ជាការឆ្លើយតប រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មកាតា បានលើកឡើងថា រដ្ឋកាតាមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយបានកត់សម្គាល់ពីសារៈសំខាន់ នៃការបង្កើនការវិនិយោគរបស់កាតា ក្នុងវិស័យផ្សេងៗខាងលើ។

លោកបានស្នើឲ្យមានជំនួបរវាងធុរកិច្ចជន ឬសភាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកបានបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសកាតា មានអ្នកវិនិយោគមកពីបណ្តាប្រទេសផ្សេងៗចំនួន១០០ប្រទេស ហើយរាជរដ្ឋាភិបាលកាតា បានយកចិត្តទុកដាក់ និងការពារ ពួកគាត់ទាំងអស់ ឲ្យមានភាពងាយស្រួល និងកក់ក្តៅ ក្នុងការធ្វើវិនិយោគនៅទីនោះ៕
ប្រភព៖ freshnewsasia.com

 

Digiqole Ad

Related post