ទាហានតួកគី ២០នាក់បានបាត់បង់ជីវិតនៅពេលដែលយន្តហោះដឹកទំនិញយោធាបានធ្លាក់នៅព្រំដែនហ្សកហ្ស៊ី-អាស៊ែបៃហ្សង់
ក្រសួងការពារជាតិរបស់ប្រទេសតួកគី បានប្រកាសនាថ្ងៃពុធទី១២ខែវិច្ឆិកានេះថា ទាហាន២០នាក់របស់ខ្លួនបានបាត់បង់ជីវិត នៅពេលដែលយន្តហោះដឹកទំនិញយោធាបានធ្លាក់នៅព្រំដែនហ្សកហ្ស៊ី-អាស៊ែបៃហ្សង់។
យន្តហោះ C-130 ដែលផ្ទុកបុគ្គលិកចំនួន២០នាក់លើនោះ បានធ្លាក់កាលពីថ្ងៃអង្គារ បន្ទាប់ពីហោះចេញពីអាស៊ែបៃហ្សង់ ឆ្ពោះទៅកាន់តួកគី។ តួកគី បញ្ជាក់ថា គ្មានអ្នកនៅរស់រានមានជីវិតនោះទេ។
សេចក្តីថ្លែងការណ៍មួយរបស់តួកគី បានលើកឡើងថា «នៅម៉ោង៦:៣០ព្រឹក ដោយមានការសម្របសម្រួលជាមួយអាជ្ញាធរហ្សកហ្ស៊ី ក្រុមស្វែងរកនិងជួយសង្គ្រោះ និងក្រុមស៊ើបអង្កេតគ្រោះថ្នាក់របស់យើង បានចាប់ផ្តើមការស៊ើបអង្កេតលើការធ្លាក់យន្តហោះដឹកទំនិញយោធារបស់យើង»។
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdoğan បានចូលរួមរំលែកទុក្ខក្នុងអំឡុងពេលសុន្ទរកថានៅទីក្រុងអង់ការ៉ា និងបានហៅទូរសព្ទដាច់ដោយឡែកជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev និងនាយករដ្ឋមន្ត្រីហ្សកហ្ស៊ី លោក Irakli Kobakhidze ដើម្បីពិភាក្សាអំពីឧបទ្ទវហេតុនេះ៕
ប្រភព៖ TRT World





