ដំណើរទស្សនកិច្ចសារព័ត៌មាន និងទស្សនកិច្ចសិក្សា អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា រយៈពេល៤ថ្ងៃ នៅរាជធានីខេត្តចំនួន៤ ដែលរៀបចំដោយក្រសួងកសិកម្ម និងសហភាពអឺរ៉ុប នឹងជួយជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីកម្ពុជាក្លាយខ្លួនជាអធិរាជនាំចេញស្វាយចន្ទី
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំដំណើរទស្សនកិច្ច នាំក្រុមអ្នកព័ត៌មានចុះទស្សនកិច្ចសិក្សា អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា រយៈពេល៤ថ្ងៃ នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលជាមួយវេទិកាស្វាយចន្ទី រៀបចំឡើងដើម្បីបង្ហាញអំពីវឌ្ឍនភាព និងឱកាសសម្រាប់ការវិនិយោគវិស័យស្វាយចន្ទីរបស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងពាណិជ្ជកម្ម និងឧបត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុប ដើម្បីបង្ហាញពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា។
ដំណើរទស្សនកិច្ចនេះ ក៏នឹងផ្តល់នូវការយល់ដឹងទូលំទូលាយ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់ផលិតកម្មស្វាយចន្ទី ស្របទៅតាម «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ » ដាក់ចេញដោយក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញឲ្យកម្ពុជាឈានទៅជាអធិរាជនាំចេញស្វាយចន្ទី។
ដោយឡែក សហភាពអឺរ៉ុបដែលជាអ្នកឧបត្ថម្ភការរៀបចំកម្មវិធីនេះ មានបំណងបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះវិស័យកសិកម្មរបស់កម្ពុជា ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
ដំណើរទស្សនកិច្ចសារព័ត៌មាននេះ នឹងបម្រើជាសក្ខីភាពមួយ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុបក្នុងការអភិវឌ្ឍឧស្សាហកម្មគ្រាប់ស្វាយចន្ទី ដែលមានសក្តានុភាព និងភាពរីកចម្រើន។
ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាសក្ខីភាពឆ្លុះបង្ហាញអំពីកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរវាងភាគីពាក់ព័ន្ធទាំងអស់ដូចជា រាជរដ្ឋាភិបាល ធុរកិច្ច និងតំណាងប្រព័ន្ធផ្សព្វផ្សាយ ដែលមានសក្តានុពល ក្នុងការលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងការរួមចំណែករបស់សហភាពអឺរ៉ុបក្នុងវិស័យនេះ តាមរយៈមធ្យោបាយទំនាក់ទំនងច្បាស់លាស់និងត្រឹមត្រូវ។
កម្មវិធីនេះ ក៏នឹងផ្ដល់នូវព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ និងជាក់ស្តែង អំពីបច្ចុប្បន្នភាពនៃសកម្មភាពគម្រោង និងអន្តរកម្មរវាងភាគីពាក់ព័ន្ធទាំងអស់ ទៅដល់សាធារណជន តាមរយៈការផ្សព្វផ្សាយ យ៉ាងទូលំទូលាយរបស់សារព័ត៌មាន។
គួរជម្រាបថា បើតាមសមាគមស្វាយចន្ទីកម្ពុជា (សសក) កម្ពុជាគឺជាប្រទេសដែលដាំដុះស្វាយចន្ទីច្រើនជាងគេទី២ បន្ទាប់ពីប្រទេសកូឌឺវ័រ នៅតំបន់អាហ្រ្វិក តែគុណភាពគ្រាប់ស្វាយចន្ទីរបស់កម្ពុជា គឺល្អជាងគេ ដែលនេះជាកត្តាសំខាន់ ដែលរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជំរុញការកែច្នៃ តាមរយៈខ្សែច្រវាក់ផលិតកម្ម ដើម្បីទទួលបានតម្លៃបន្ថែម។
ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ បានចំនួន ៦៥១ ០០០ តោន នៅក្នុងនោះបាននាំចេញទៅវៀតណាម ក្នុងចំនួន ៦១៥ ០០០តោន ស្មើទឹកប្រាក់ ៨៣១ លានដុល្លារអាមេរិក ដែលថយចុះ ១៦,៧ភាគរយ បើធៀបរយៈកាលដូចគ្នា ទៅនឹង២០២២។ ចំពោះតម្លៃវិញ ជាមធ្យមគ្រាប់ស្ងួត មានតម្លៃ ១ ៦៥៨ ដុល្លារ ក្នុង១តោន។ ដោយឡែក ពីខែតុលាមក គ្រាប់ស្ងួតតម្លៃ ៧ ០០០រៀល ទៅ៧ ៥០០រៀល ក្នុង១គីឡូក្រាម ឬ១ ៩០០ ដុល្លារ ក្នុង១តោន ដែលតម្លៃនេះជាតម្លៃល្អ បើធៀបនឹងពេលកន្លងទៅ៕