ជនជាតិរ៉ូហ៊ីងយ៉ាចំនួន ២នាក់ បានស្លាប់ និងជម្រកជាង ៨០០ ត្រូវបានបំផ្លាញ ដោយសារអគ្គិភ័យឆាបឆេះ នៅប្រទេសបង់ក្លាដែស
ក្រុមសកម្មជនសិទ្ធិមនុស្ស និងទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយថា ភ្លើងដ៏ធំមួយបានឆាបឆេះជំរុំរបស់ជនជាតិរ៉ូហ៊ីងយ៉ា ក្នុងប្រទេសបង់ក្លាដែស ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ និងបំផ្លាញជម្រកជាង ៨០០ ស្ថិតក្នុងស្រុក Cox’s Bazar ភាគអាគ្នេយ៍។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Middle East នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។
សកម្មជនសិទ្ធិមនុស្ស លោក Ro Nay San Lwin បាននិយាយថា៖ “យ៉ាងហោចណាស់មានជនជាតិរ៉ូហ៊ីងយ៉ាចំនួន ២នាក់ ក្នុងនោះកុមារម្នាក់ បានបាត់បង់ជីវិតយ៉ាងសោកសៅ”។ ក្រុមអ្នកពន្លត់អគ្គិភ័យ គាំទ្រដោយការការពារជនស៊ីវិល និងអ្នកស្ម័គ្រចិត្ដក្នុងតំបន់ បានពន្លត់ការឆាបឆេះបន្ទាប់ពីរយៈពេលពីរម៉ោង។
អាជ្ញាធរបានជម្រុញឱ្យមានបើកការស៊ើបអង្កេត ដើម្បីរកឱ្យឃើញពីមូលហេតុនៃការឆេះនេះ ។ បើតាមអ្នកស្រុក បានឱ្យដឹងថា អគ្គិភ័យនេះអាចផ្តើមចេញពីឆ្លងចរន្តអគ្គិសនី ឬធុងហ្គាសដែលប្រើសម្រាប់ចម្អិនអាហារ។
គួរជម្រាបថា ជនជាតិរ៉ូហ៊ីងយ៉ា ដែលភាគច្រើនជាមូស្លីមជាង ១,២លាននាក់ បានទៅជ្រកកោននៅ Cox’s Bazar ប្រទេសបង់ក្លាដែស ដោយបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ក្នុងខែសីហា ឆ្នាំ២០១៧ អំឡុងមានពេលការបង្រ្កាបយ៉ាងឃោរឃៅពីសំណាក់យោធា ដែលក្រោយមកក្រុមសិទ្ធិមនុស្សចាត់ទុកថា ជាអំពើប្រល័យពូជសាសន៍៕