ចក្រភពអង់គ្លេសប្រកាសផ្អាកអាជ្ញាប័ណ្ណនាំចេញអាវុធចំនួន ៣០ ជាមួយអ៊ីស្រាអែល ដោយបារម្ភ ត្រូវបានប្រើប្រាស់ដើម្បីប្រព្រឹត្តល្មើសយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងច្បាប់មនុស្សធម៌អន្តរជាតិនៅហ្គាហ្សា
រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសផ្អាកអាជ្ញាប័ណ្ណនាំចេញប្រហែល ៣០ សម្រាប់ឧបករណ៍យោធាទៅកាន់អ៊ីស្រាអែល។ ការសម្រេចចិត្តផ្អាកនេះ កើតឡើងបន្ទាប់ពីការពិនិត្យឡើងវិញអំពីការអនុលោមតាមច្បាប់របស់អ៊ីស្រាអែលជាមួយនឹងច្បាប់មនុស្សធម៌អន្តរជាតិ ខណៈសង្គ្រាមនៅហ្គាហ្សាកំពុងបន្ត ដែលបណ្តាលអោយជនស៊ីវិលប៉ាឡេស្ទីនរាប់ម៉ឺននាក់បាត់បង់ជីវិត។
អាជ្ញាបណ្ណដែលត្រូវផ្អាកមានចំនួន ៣០ ក្នុងចំណោម ៣៥០ រួមមាន៖ សមាសធាតុសម្រាប់យន្តហោះយោធា ឧទ្ធម្ភាគចក្រ យន្តហោះគ្មានមនុស្សបើក និងរបស់របរដែលជួយសម្រួលដល់ការកំណត់គោលដៅនៅលើដីជាដើម។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីការបរទេស លោក David Lammy បានបញ្ជាក់ថា “ពិតណាស់ យើងទទួលស្គាល់តម្រូវការរបស់អ៊ីស្រាអែល ដើម្បីការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខ ប៉ុន្តែយើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិធីសាស្រ្តដែលអ៊ីស្រាអែលបានប្រើប្រាស់ និងតាមរយៈរបាយការណ៍អំពីជនស៊ីវិល និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេស”។
ទោះបីយ៉ាងណា ពួកគេបានសង្កត់ធ្ងន់ថា ការផ្អាកនេះមិនមែនមានន័យថា ជាការដាក់ទណ្ឌកម្មអាវុធពេញលេញប្រឆាំងនឹងអ៊ីស្រាអែលទេ ហើយការវាយតម្លៃរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសមិនមានគោលបំណងដើម្បីវិនិច្ឆ័យការរកឃើញរបស់តុលាការអន្តរជាតិ ដូចជា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នោះដែរ។
ជុំវិញការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃចក្រភពអង់គ្លេស រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បាននិយាយថា ការសម្រេចចិត្តនេះធ្វើអោយអ៊ីស្រាអែលមានការខកចិត្ត និងជាការផ្ញើសារដែលមានបញ្ហាយ៉ាងខ្លាំងទៅកាន់ក្រុមសកម្មប្រយុទ្ធហាម៉ាស និងអ្នកឧបត្ថម្ភពួកគេ នៅក្នុងប្រទេសអ៊ីរ៉ង់។
គួរជម្រាបថា សង្គ្រាមនៅតំបន់ហ្គាហ្សាដែលកំពុងបន្តពីសំណាក់អ៊ីស្រាអែល បន្ទាប់ពីហេតុការណ៍ថ្ងៃទី៧ ខែតុលាមក បានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនរហូតដល់ជាង ៤០,៧០០នាក់ ដែលក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន៕