គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សហការជាមួយសមាគមគ្រូបង្រៀនខ្មែរឥស្លាម នឹងរៀបចំតាំងពិពណ៌អប់រំ ក្នុងមហាសន្និបាតបូកសរុបការងារអប់រំឥស្លាម ឆ្នាំ២០១៥-២០២៣ ដែលបើកឱកាសអោយគ្រឹះស្ថានសិក្សា និងអង្គភាពពាក់ព័ន្ធនឹងវិស័យអប់រំ បានបង្ហាញនូវសមិទ្ធផលនានារបស់ខ្លួន
ភ្នំពេញ៖ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពី ការតាំងពិពណ៌អប់រំ នៅក្នុងមហាសន្និបាតបូកសរុបការងារអប់រំឥស្លាម ឆ្នាំ២០១៥-២០២៣ និងលើកទិសដៅការងារបន្ត ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ទី៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។
នៅក្នុងសេចក្តីជូនដំណឹងរបស់ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដែលទូរទស្សន៍មូស្លីមកម្ពុជាទទួលបាន នៅថ្ងៃទី៣០ ខែមករា បានអោយដឹងថា ការតាំងពិពណ៌អប់រំនេះ ដោយមានការសហការជាមួយសមាគមគ្រូបង្រៀនខ្មែរឥស្លាម ដើម្បីបង្ហាញអំពីសមិទ្ធផលអប់រំរបស់គ្រឹះស្ថានសិក្សាសហគមន៍ និងអង្គការ សមាគមមួយចំនួន ជូនថ្នាក់ដឹកនាំ និងអង្គមហាសន្និបាតទស្សនាស្វែងយល់។
មហាសន្និបាតបូកសរុបការងារអប់រំឥស្លាម ឆ្នាំ២០១៥-២០២៣ និងលើកទិសដៅការងារបន្ត នឹងមានសមាសភាពចូលរួមផ្ទាល់ប្រមាណ ៤៥០នាក់ និងតាមរយៈប្រព័ន្ធអនឡាញ ប្រមាណ ១,០០០នាក់ មកពីវិស័យអប់រំគ្រប់លំដាប់ថ្នាក់ តំណាងអង្គការ សមាគមជាតិ-អន្តរជាតិ អង្គទូត ថ្នាក់ដឹកនាំឥស្លាមតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស។
គួរជម្រាបថា គណៈកម្មការរៀបចំមហាសន្និបាត នឹងផ្តល់ជូនទីតាំងសម្រាប់គ្រឹះស្ថានសិក្សា និងអង្គភាពពាក់ព័ន្ធនឹងវិស័យអប់រំ ដែលលមានបំណងចង់ចូលរួមការតាំងពិពណ៌អប់រំនេះ៕