គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញសេចក្ដីសម្រេចប្រកាសទទួលស្គាល់ជាផ្លូវការបេក្ខជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា ដែលក្នុងនោះមានខ្មែរឥស្លាមចំនួន ៥រូប
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្ដីសម្រេចប្រកាសទទួលស្គាល់ជាផ្លូវការ បេក្ខជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា តាមមណ្ឌលភូមិភាគទាំង៨ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។
យោងតាមបញ្ជីរាយនាមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអោយដឹងថា បេក្ខជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា ទាំង៨ មណ្ឌលភូមិភាគ សរុបចំនួន ៥៨រូប ក្នុងនោះក៏មានខ្មែរឥស្លាមចំនួន ៥រូប ផងដែរ។ រួមមាន៖ លោកជំទាវ ម៉ាណ ណាវី ស្ថិតនៅលេខរៀងទី៥ នៃភូមិភាគទី១។ ឯកឧត្តម ស្លេះ ពុនយ៉ាមីន ស្ថិតនៅលេខរៀងទី៤ និងឯកឧត្តម ឆាយ វណ្ណា ស្ថិតនៅលេខរៀងទី៧ នៃភូមិភាគទី២។ ឯកឧត្តម លី សារី ស្ថិតនៅលេខរៀងទី៥ នៃភូមិភាគទី៥ និងឯកឧត្តម សាន់ ឡាទីន ស្ថិតនៅលេខរៀងទី៥ នៃភូមិភាគទី៨។
គួរជម្រាបថា កាលពីឆ្នាំ២០១៨ ការជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ មានអ្នកនយោបាយខ្មែរឥស្លាមតែពីររូបប៉ុណ្ណោះ ដែលបានឈរឈ្មោះបោះឆ្នោត និងជាប់ជាសមាជិកព្រឹទ្ធសភា ក្នុងនោះមានឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា ភូមិភាគទី២ និងឯកឧត្តម លី សារី សមាជិកព្រឹទ្ធសភា ភូមិភាគទី៥៕