• December 19, 2024
 ក្រសួងសុខាភិបាលអំពាវនាវអោយប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នអំពីការបរិភោគត្រីក្រពត ខណៈមានមនុស្សស្លាប់២នាក់ ដែលបណ្តាលមកពីបរិភោគត្រីនេះ

ក្រសួងសុខាភិបាលអំពាវនាវអោយប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នអំពីការបរិភោគត្រីក្រពត ខណៈមានមនុស្សស្លាប់២នាក់ ដែលបណ្តាលមកពីបរិភោគត្រីនេះ

Spread the love
Digiqole Ad

ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានអំពាវនាវអោយប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នអំពីការបរិភោគត្រីក្រពត ខណៈមានមនុស្ស២នាក់បានស្លាប់ ដែលបណ្តាលមកពីបរិភោគត្រីនេះ។ ការអំពាវនាវរបស់ក្រសួងសុខាភិបាល ធ្វើឡើងបន្ទាប់ពីបានទទួលព័ត៌មានអំពីករណីប្រជាពលរដ្ឋពុលដោយសារបរិភោគត្រីក្រពតជាបន្តបន្ទាប់ និងរហូតដល់មានអ្នកស្លាប់ដោយសារពុលត្រីនេះ។

ជាក់ស្តែងកាលពីថ្ងៃទី៦ ខែកក្កដា កន្លងទៅ មានករណីប្រជាពលរដ្ឋពុលត្រីក្រពតចំនួន ៧នាក់ នៅខេត្តកំពង់ឆ្នាំង ដោយត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ប៉ុន្តែនៅថ្ងៃទី៧ ខែកក្កដា មានបុរសម្នាក់ នៅខេត្តឧត្តរមានជ័យបានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពត ហើយនៅថ្ងៃទី៨ ខែកក្កដា មានបុរសម្នាក់ទៀតនៅខេត្តកំពង់ឆ្នាំងក៏បានស្លាប់ផងដែរ បន្ទាប់ពីបរិភោគត្រីក្រពតដូចគ្នា ដែលជាករណីដាច់ដោយឡែកពីករណី ៧នាក់ខាងលើ។

ប្រឈមទៅនឹងបញ្ហានេះ ក្រសួងសុខាភិបាល សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវ និងធ្វើការក្រើនរំលឹកបងប្អូនពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចៀសវាងបាននូវការពុលត្រីក្រពត បង្កជាបញ្ហាសុខភាពដែលអាចធ្វើឱ្យបាត់បង់ជីវិត កុំបរិភោគត្រីក្រពតដែលមានជាតិពុល ពីព្រោះជាតិពុលនៅក្នុងខ្លួនត្រី អាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៨ ខែកក្កដា ក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ជាតិពុលនៅក្នុងខ្លួនត្រីក្រពតមិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិន ឬដាក់ឱ្យកកក៏ដោយ។ ម្យ៉ាងទៀតត្រីក្រពតទាំង ៥ប្រភេទ ដែលមានជាតិពុល គឺមានជាតិពុលខ្ពស់បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ ខែកមីនា និងចន្លោះពីខែកក្កដា ទៅខែកញ្ញា។

នៅពេលយើងបរិភោគត្រីទាំងនេះ ជាតិពុលបានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល និងអាចបណ្តាលឱ្យស្លាប់។ ជាតិពុលនៅក្នុងខ្លួនត្រីក៏មានកម្រិតខុសគ្នា ដែលពងនិងស្តែមរបស់វាមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់។

ក្រសួងសុខាភិបាល បានបន្ថែមថា រោគសញ្ញាក្រោយពីបរិភោគត្រីបែបនេះរយៈពេល ២០នាទីទៅ២ម៉ោង មានដូចជា រមាស់ចាក់ៗនៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅក្នុងអវៈយវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាគ ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្តាលឱ្យស្លាប់។

ក្នុងករណីក្រោយពីពុល វិធីសង្គ្រោះភ្លាមៗអាចធ្វើបានគឺតាមរយៈធ្វើឱ្យក្អួត ដែលអាចជួយបញ្ចេញជាតិពុលពីក្នុងខ្លួនបានមួយចំណែក ហើយអ្នកពុលនោះត្រូវប្រញាប់ស្វែងរក ការជួយសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋាន សុខាភិបាលដែលនៅជិតលោកអ្នកបំផុត ដោយស្ថានភាពអ្នកពុលតម្រូវឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមដានពីគ្រូពេទ្យជាចាំបាច់៕

Digiqole Ad

Related post