កុមារកម្ពុជាជិត ៧០០នាក់ ត្រូវបានរកឃើញថា កើតជំងឺទឹកនោមផ្អែម ប្រភេទ១
សៀមរាប៖ លោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឲ្យដឹងថា បច្ចុប្បន្នមានកុមារកម្ពុជាប្រមាណជិត ៧០០នាក់ បានកើតជំងឺទឹកនោមផ្អែម ប្រភេទ១។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ជំងឺនេះមានការកើនឡើងដែលក្នុងមួយឆ្នាំមានរហូតដល់២០ករណី។
ជំងឺប្រភេទនេះមាននៅមន្ទីពេទ្យគន្ធបុប្ផា ទាំងនៅភ្នំពេញ និងសៀមរាបមានការកើនឡើងចំនួន ៦៩៨នាក់ ក្នុងនោះ នៅមន្ទីពេទ្យគន្ធបុប្ផាខេត្តសៀមរាប មានចំនួន ៣០៩នាក់។ ក្មេងកើតជំងឺនេះ ភាគច្រើនមានអាយុពី ៤-១៤ ឆ្នាំ។ ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលបណ្តាលមកពីការខ្វះខាតអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់។ គេមិនទាន់បានដឹងច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺនេះ។
បើតាមលោកសាស្ត្រាចារ្យ បានបញ្ជាក់ថា ជំងឺទឹកនោមផ្អែម ប្រភេទទី១ គឺលេចចេញជារោគសញ្ញាក្រោយពីនៅពេលអាំងស៊ុយលីន បំប្លែងទៅក្នុងខ្លួនអស់លេចចេញរោគសញ្ញាភ្លាមៗ ហើយលឿនបំផុតនៅពេលចេញរោគសញ្ញាហើយ ឪពុកម្តាយមិនបាននាំមកពេទ្យ ឬទៅព្យាបាលភ្លាមៗនោះទេ កូនក្មេងវិវត្តិទៅជាសន្លប់ ឬស្លាប់។
លោកសាស្ត្រាចារ្យ ឃុន លាងឈុន បានបញ្ជាក់ដូច្នេះថា «ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលបណ្តាលមកពីរការខ្វះខាតអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់។ គេមិនទាន់បានដឹងច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺនេះ»។ លោកបន្តថា ជំងឺទឹកនោមផ្អែម ជាជំងឺដែលកើតតាមរយៈការកើនឡើងជាតិស្ករខ្ពស់នៅក្នុងឈាម ដែលបណ្តាលមកពីការស៊ាំជាមួយអកម៉ូនអាំងស៊ុយលីន និងការផលិតអកម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់សំរាប់ការប្រើប្រាស់។ ជំងឺទឹកនោមផ្អែម ប្រភេទទី១ ត្រូវការព្យាបាលដោយថ្នាំតែមួយគត់ គឺអាំងស៊ុយលីន៕
ប្រភព៖ TVK