• February 9, 2026
 កិច្ចភាក្សាការងាររវាងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និង គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

កិច្ចភាក្សាការងាររវាងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និង គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

Spread the love
Digiqole Ad
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ៦រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលបានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា។ ជំនួបពិភាក្សាការងារនេះក៏មានការ អញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថា្នក់ដឹកនាំជាន់ខ្ពស់នៃក្រសួងទេសចរណ៍។

នាឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូចំពោះការបង្ហាញចំនាប់អារម្មណ៍ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ អ្នកឧកញ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលជួយសម្របសម្រួលឱ្យមានជំនួបពិភាក្សាការងារនាពេលនេះ។ អ្នកឧកញ៉ា បានបង្ហាញនូវសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្នគឺជាកាលានុវត្តដ៏សមស្របសម្រាប់ជម្រុញកិច្ចសហប្រត្តិបការធុរកិច្ចនៃប្រទេសទាំងពីរ។ ក្នុងន័យនេះ អ្នកឧកញ៉ា ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដើម្បីជម្រុញពាណិជ្ជកម្ម ការវិនិយោគទ្វេភាគី និងពង្រឹងភាពជាដៃគូយូរអង្វែងដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ជាការឆ្លើយតប ឯកឧត្តម Waleed Nasser Alsheri បានថ្លែងអំណរគុណយ៉ាងជ្រៅចំពោះ ឯកឧត្តម ហួត ហាក់ និង អ្នកឧកញ៉ា គិត ម៉េង ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ បានចូលជួបពិភាក្សាការងារនាពេលនេះ។ ឯកឧត្តម បានកត់សម្គាល់ពីភាពរីកចម្រើននៃវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងជម្រាបជូនអំពីគម្រោងវិនិយោគ និងការពង្រីកវិសាលភាពពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជានិងក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។ ហើយ ឯកឧត្តម ក៏បានយល់ស្រប ពីការហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត នឹងជួយជម្រុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគនៃប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានលើកឡើងថាកិច្ចពិភាក្សាការងារនាថ្ងៃនេះ គឺជាចំនុចចាប់ផ្តើមនៃ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
នាឱកាសនោះផង ឯកឧត្តម ហួត ហាក់ បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជំនួបពិភាក្សាការងារ ជាមួយនឹងគណៈប្រតិភូរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ឯកឧត្តម បានជម្រាបជូនគណៈប្រតិភូអំពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ គោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស ក៏ដូចជាសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិរបស់កម្ពុជា ដែលប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍មានសុវត្ថិភាព មានភាពទាក់ទាញ និងមានភាពសម្បូរបែប។ ហើយ ឯកឧត្តម ក៏បានឡើង សភាពាណិជ្ជកម្មកម្ពុជា គឺច្រកសម្រាប់ការស្វែងរកដៃគូរវិនិយោគនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
លទ្ធផលនៃជំនួបនេះ ដោយភាគីទាំងពីរ បានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ រវាងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
Digiqole Ad

Related post