ករណីលិចទូក២គ្រឿងរបស់ជនចំណាកស្រុក នៅក្នុងលំហសមុទ្រប្រទេសលីប៊ី! សាកសពរាប់សិបនាក់ត្រូវបានប្រទះឃើញ នៅតាមបណ្តោយឆ្នេរភាគខាងលិចប្រទេស ខណៈនៅលើទូកមានអ្នកដំណើរប្រហែល ៨០នាក់
លីប៊ី៖ យោងតាមឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសលីប៊ី បាននិយាយថា យ៉ាងហោចណាស់សាកសពចំនួន ៥៧ ត្រូវបានប្រទះឃើញនៅតាមបណ្តោយឆ្នេរសមុទ្រ ភាគខាងលិចប្រទេស ក្នុងនោះមានកុមារម្នាក់ផងដែរ បន្ទាប់ពីទូកដឹកជនចំណាកស្រុកចំនួន ២គ្រឿងបានលិចកាលពីថ្ងៃអង្គារ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។
លោក Bassam Mahmoud មកពីប្រទេសអេហ្ស៊ីប ស្ថិតក្នុងចំណោមអ្នកដែលបានរួចរស់ជីវិតពីការធ្វើដំណើរនេះ បាននិយាយថា នៅលើទូកមានអ្នកដំណើរប្រហែល ៨០នាក់ ដោយមានទិសដៅទៅអឺរ៉ុប។ ក្នុងចំណោមពួកគេ គឺមកពីប្រទេសប៉ាគីស្ថាន ស៊ីរី ទុយនីស៊ី និងអេហ្ស៊ីប។
បុគ្គលិកជំនួយអឌ្ឍចន្ទក្រហម រំពឹងថាពួកគេនឹងរកឃើញសាកសពបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ៕