ជួបគ្រោះទឹកជំនន់ទៀតហើយនៅឥណ្ឌូណេស៊ី ស្លាប់១៤នាក់ និង១៨នាក់រងរបួស
មនុស្សយ៉ាងហោចណាស់១៤នាក់បានបាត់បង់ជីវិត និង១៨នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីទឹកជំនន់បានវាយប្រហារស្រុក Sitaro Islands ក្នុងខេត្តស៊ូឡាវេស៊ីភាគខាងជើង (North Sulawesi) នៃប្រទេសឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃចន្ទទី៥ខែមករា។
ប្រភពពីNews Straight Times ឲ្យដឹងថា គ្រោះមហន្តរាយ ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំងនៅលើកោះ Siau បានបណ្តាលឲ្យមនុស្ស៤នាក់បាត់ខ្លួន និងបង្ខំឲ្យអ្នកស្រុកជិត៤៥០នាក់ភៀសខ្លួនទៅកាន់សាលារៀន និងវិហារក្នុងតំបន់។
អាជ្ញាធរមូលដ្ឋានបានប្រកាសស្ថានភាពអាសន្នរយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី១៨ខែមករា ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងជួបការលំបាកយ៉ាងខ្លាំងដោយសារភក់ រ៉ែថ្ម និងកម្ទេចកម្ទីដែលកំពុងបិទផ្លូវធ្វើដំណើរសំខាន់ៗ។
ក្នុងរដូវវស្សានេះឥណ្ឌូណេស៊ីជួបគ្រោះជំនន់ផ្ទួនៗដែលរហូរមកដល់ពេលនេះបានសម្លាប់មនុស្សជាង១០០០នាក់។





