
រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជួបសំណេះសំណាលជាមួយអ្នកបន្តវេនជំនាញវិជ្ជាជីវៈដូនតា ជំនាញធ្វើសាជី នៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង បានជួបសំណេះសំណាលជាមួយអ្នកគ្រូ ខាត ម៉ៃនះ ជាគ្រូបង្គោលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដល់សិស្សក្រីក្រនៅក្នុងសហគមន៍ ភូមិស្រែប្រិយ៍ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
នាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកគ្រូក្នុងការផ្ទេរចំណេះដឹងជំនាញវិជ្ជាជីវៈដូនតាធ្វេីសាជីដល់អ្នកបន្តវេន ដើម្បីរួមចំណែកថែរក្សាមរតកវប្បធម៌អរូបីមួយនេះ ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងព្រមទាំងបានផ្សារភ្ជាប់នឹងសហគមន៍ទៀតផង។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់អ្នកគ្រូបង្គោល និងសិស្សបន្តវេនដែលកំពុងសិក្សាលើជំនាញវិជ្ជាជីវៈដូនតាមួយនេះទៀតផង។
គួរឲ្យដឹងថាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាធ្វេីសាជីនេះ គឺជាវគ្គបណ្ដុះបណ្ដាលមួយក្នុងចំណោមជំនាញដូនតាជាច្រើននៃកម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាកម្មវីធីអន្តរាគមន៍សម្រាប់ជាប្រយោជន៍ដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ ឆ្លើយតបទៅនឹងគ្រោះអាសន្ន សុខុមាលភាព និងការអភិវឌ្ឍមូលធនមនុស្ស តាមរយៈហិរញ្ញប្បទានដោយចំណូលថវិកាជាតិ និងជំនួយអភិវឌ្ឍន៍ផ្លូវការ៕
ប្រភព៖ បណ្ឌិត ហ៊ីវ វី់រៈ






