
វិហារឥស្លាមមួយខ្នង ស្ថិតនៅឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ក្រោមជំនួយឧបត្ថម្ភពីអង្គការមូលនិធិហ្សាកាត់អាមេរិច តាមរយៈមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ត្រូវបានប្រគល់អោយប្រើប្រាស់ក្រោយពីសាងសង់រួចជាស្ថាពរ

ក្រចេះ៖ វិហារឥស្លាមដ៏ស្រស់ស្អាតមួយខ្នងដែលមានឈ្មោះថា “អាល់ ហ្វូរកន” ដោយទទួលបានជំនួយឧបត្ថម្ភពីអង្គការមូលនិធិហ្សាកាត់អាមេរិច តាមរយៈមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ពេលនេះត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងត្រូវបានប្រគល់ដាក់អោយប្រើប្រាស់ក្រោមវត្តមានកិត្តិយសពីឯកឧត្តមបណ្ឌិត ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា តំណាងម្ចាស់ជំនួយ ស្ថិតនៅក្នុងភូមិសែនមានជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់គណៈគ្រប់គ្រងវិហារ គណៈអ៊ីមាំ ហាកឹម អូស្តើស និងបងប្អូនសិស្សានុសិស្សយ៉ាងច្រើនកុះករ។
មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងកម្មវិធី ឯកឧត្តមបណ្ឌិត ស្លេះ ណាស៊ី បានលើកឡើងថា៖ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជានៅក្នុងការអភិវឌ្ឍសហគមន៍ និងឆ្លើយតបទៅនឹងតម្រូវការហេដ្ឋារចនាសម្ព័ន្ធដែលបម្រើវិស័យសាសនា រួមទាំងការយកចិត្តដាក់ចំពោះបងប្អូនប្រជាពលរដ្ឋអំពីបញ្ហាប្រឈមនានា ជាពិសេសការខ្វះខាតនូវកន្លែងថ្វាយបង្គំនៅតាមតំបន់មួយចំនួន ទើបបណ្តាលឱ្យការិយាល័យជំនួយមនុស្សធម៌នៃមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា រួមសហការជាមួយអង្គការជាដៃគូ បានខិតខំបន្តស្វះស្វែង និងជួយឧបត្ថម្ភក្នុងការសាងសង់វិហារឥស្លាមជាបន្តបន្ទាប់នៅតាមមូលដ្ឋាន។
ឯកឧត្តមបានបន្ថែមថា ការសាងសង់វិហារឥស្លាមមិនត្រឹមតែជាការឆ្លើយតបទៅនឹងតម្រូវការសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមក្នុងការរឹតចំណងសាមគ្គីភាព សន្តិភាព និងស្មារតតីជួយគ្នា រវាងសហគមន៍មូស្លីមនៃប្រជាជាតិផ្សេងៗគ្នាជាមួយសហគមន៍មុស្លីមនៅកម្ពុជា។ ក្នុងឪកាសនេះផងដែរ ឯឧ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែទាំនិងប្រើប្រាស់វិហារនេះឲ្យបានល្អនិងស្របតាមគោលបំណងរបស់ម្ចាស់ជំនួយដែលចង់ទទួលបានផលបុណ្យយូរអង្វែងតទៅ។
ដោយឡែក ប្រជាពលរដ្ឋបានសម្តែងការសាទរនិងសប្បាយរីករាយ និងថ្លែងអំណរគុណទៅចំពោះម្ចាស់ជំនួយ ជាពិសេសឯកឧត្តមបណ្ឌិត ស្លេះ ណាស៊ី ដែលបានពាំនាំជាថវិកាដើម្បីសាងសង់វិហារមួយខ្នងជូនយ៉ាងស្រស់ស្អាតនេះដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលក្នុងការប្រតិបត្តជំនឿររបស់ខ្លួនប្រចាំថ្ងៃ និងជាទីរៀនសូត្រផ្នែកសាសនាផងដែរ។
គួរជម្រាបផងដែរថា វិហារឥស្លាម “អាល់ ហ្វូរកន” ដែលត្រូវបានប្រគល់ឲ្យប្រើប្រាស់នេះ មានទំហំ១០ ១២.ម៉ែត្រ ចំណាយថវិកាសាងសង់ជាង4ម៉ឺនដុល្លារ បំពាក់ដោយបន្ទប់រៀនគម្ពីរគួរអាន២ បន្ទប់ ប្រព័ន្ធសូឡា អណ្តូងទឹកនិងបង្គន់ផងដែរ ដែលជាថវិកាជំនួយពីសប្បុរសជនអាមេរិក តាមរយៈអង្គការហ្សាកាត់អាមេរិកសហការជាមួយមជ្ឈមណ្ឌលព័ត៌មានមូស្លីម។
