យ៉ាងហោចណាស់មនុស្ស ១០នាក់ស្លាប់ ដោយសារផ្ទុះភ្នំភ្លើង នៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី
ក្រុមមន្ត្រីនៃប្រទេសឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ ដោយសារការផ្ទុះភ្នំភ្លើងពេញមួយយប់ នៅភាគខាងកើតប្រទេស។ នេះបើតាមការផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ភ្នំភ្លើងដែលផ្ទុះមានឈ្មោះ Lewotobi Laki-Laki ជាភ្នំភ្លើងភ្លោះ កម្ពស់ ១,៧០៣ម៉ែត្រ ស្ថិតនៅលើកោះទេសចរណ៍ដ៏ពេញនិយម Flores បានផ្ទុះឡើងភ្លាមៗនៅពាក់កណ្តាលអធ្រាត្រ ដោយបានបញ្ចេញដុំភ្លើង និងផេះទៅលើភូមិជុំវិញ។ អាជ្ញាធរបានជម្លៀសប្រជាជនក្នុងភូមិជាច្រើនចេញភ្លាមៗ និងបង្កើនស្ថានភាពប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត។
នៅក្នុងសន្និសីទសារព័ត៌មាន លោក Abdul Muhari អ្នកនាំពាក្យរបស់ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេស (BNPB) បានគូសបញ្ជាក់បន្ថែមថា យ៉ាងហោចណាស់មនុស្ស ១០,២៩៥នាក់ បានរងផលប៉ះពាល់ដោយការផ្ទុះភ្នំភ្លើងនេះ។ ប៉ុន្តែទោះបីយ៉ាងណា ចំនួនអ្នកដែលត្រូវបានជម្លៀស នៅតែត្រូវបានគណនា៕