អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាម៉ឺងមាត់អោយបញ្ឈប់ជាបន្ទាន់នូវសកម្មភាពពួនស្ទាក់ចាប់ផាកពិន័យអ្នកដែលបើកបរល្មើសច្បាប់ចរាចរណ៍ នៅពេលអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍
ភ្នំពេញ៖ ឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាម៉ឺងមាត់អោយបញ្ឈប់ជាបន្ទាន់នូវសកម្មភាពពួនស្ទាក់ចាប់ផាកពិន័យអ្នកដែលបើកបរល្មើសច្បាប់ចរាចរណ៍ នៅពេលអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍។
បទបញ្ជាម៉ឺងម៉ាត់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងាររឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ចរាចរណ៍នេះ ត្រូវពិនិត្យអោយបានច្បាស់លាស់ ដោយត្រូវបញ្ឈប់នូវការពួនស្ទាក់ដែលងាយនឹងមានបាតុភាពនានាកើតឡើង។ ការអនុវត្តនេះ ត្រូវធ្វើដោយបើកជំហរ ក្នុងនោះមានទាំងការត្រួតពិនិត្យការប្រើប្រាស់ល្បឿន និងការត្រួតពិនិត្យជាតិស្រវឹងជាដើម។
ទន្ទឹមនឹងនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ក៏បានបង្ហាញនូវការព្រួយបារម្ភជាខ្លាំងដែលស្ថានភាពនៃការគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ហើយភាគច្រើននៃអ្នកគ្រោះថ្នាក់សុទ្ធតែបាត់បង់ជីវិត និងគ្រោះថ្នាក់ធ្ងន់ធ្ងរតែម្ដង។ ជុំវិញបញ្ហានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ដល់ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវតែចាត់វិធានការបន្ទាន់ក្នុងការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះមានតែការរឹងបន្ដឹងច្បាប់ចរាចរណ៍ប៉ុណ្ណោះ ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន៕