មន្ត្រីជាន់ខ្ពស់សាសនិកឥស្លាមកម្ពុជា៖ ក្នុងចំណោមអ្នកស្លាប់ទាំង ១.៣០១នាក់នៃពិធីបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអូឌីតដោយសារកម្តៅនោះ គឺគ្មានសាសនិកឥស្លាមកម្ពុជាម្នាក់ឡើយ
ភ្នំពេញ ÷ ក្នុងឱកាសនៃការអញ្ជើញទទួលស្វាគមន៍ នៃការវិលត្រឡប់ជាបណ្តើរៗរបស់សាសនិកឥស្លាមក្រោយការបំពេញកាតព្វកិច្ចក្នុងពិធីបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអូឌីត ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី និងជាថ្នាក់ដឹកនាំជាន់ខ្ពស់សាសនិកឥស្លាមកម្ពុជាបានមានប្រសាសន៍បញ្ជាក់ឲ្យអ្នក សារព័ត៌មានដឹងថា ជុំវិញដំណឹងដែលថា ក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យហាជ្ជប្រចាំឆ្នាំ នៅប្រទេសអារ៉ាប៊ីសាអូឌីតរយៈ ពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយសារការកើនឡើងនូវកម្តៅបានឆក់យកអាយុជីវិតមនុស្សចំនួន ១.៣០១ នាក់នោះគឺជាការពិត។ តែក្នុងចំណោមអ្នកស្លាប់ទាំង ១.៣០១ នាក់នោះ គឺគ្មានសាសនិកឥស្លាមកម្ពុជាសូម្បីតែម្នាក់។ មានអ្នកស្លាប់ម្នាក់ដែរ តែមិនមែនស្លាប់ដោយសាររលកកម្តៅទេ គឺគាត់ស្លាប់ដោយសារជម្ងឺសួត រ៉ាំរ៉ៃ ។
ឯកឧត្តមបានបញ្ជាក់បន្តថា អ្នកដែលបានស្លាប់ដោយ សារការឡើងកម្តៅខ្ពស់ក្នុងអំឡុងពេលនៃពិធីបុណ្យហាជ្ជនេះ គឺពួកគាត់ភាគច្រើនជាអ្នកទេសចរ ឬជាអ្នកទៅប្រកបមុខរបរផ្សេងៗហើយបានឆ្លៀតឱកាសចូលរួមក្នុងពិធីបុណ្យនេះជាមួយនឹងគេក្នុងចំណោមអ្នកចូលរួមផ្លូវការ ឬ ហៅថាជាអ្នកចូលរួមដោយស្របច្បាប់ប្រមាណជាង ១លាន៨ សែននាក់ មកពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក ដែលអ្នកទៅដោយស្របច្បាប់ទាំងនេះគេមានកន្លែងស្នាក់ នៅត្រឹមត្រូវ មានអ្នកមើលថែសុខភាពជាប្រចាំ គឺពុំមានបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតដោយសារការកើនកម្តៅនោះទេ។ តែផ្ទុយទៅវិញអ្នកដែលទៅចូលរួមដោយពុំស្របច្បាប់បានបាត់បង់ជីវិតរហូត ដល់ទៅ ១.៣០១នាក់ដ៏គួរឱ្យសោកស្តាយជាទីបំផុត។
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាថ្នាក់ដឹកនាំជាន់ខ្ពស់សាសនិកឥស្លាមកម្ពុជាបានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ នេះ សាសនិកឥស្លាមកម្ពុជា ដែលបានអញ្ជើញទៅបំពេញកាតព្វកិច្ចសម្រាប់ពិធីបុណ្យហាជ្ជប្រចាំឆ្នាំ នៅប្រទេសអារ៉ាប៊ីសាអូឌីតមានចំនួន ៩១០នាក់ ដោយក្នុងម្នាក់ៗត្រូវចំណា យថវិកាផ្ទាល់ខ្លួនប្រមាណ ៦.០០០ដុល្លារ អាម៉េរិក សរុបការចំណាយមានប្រមាណ ៥.៥លានដុល្លារអាម៉េរិក ហើយក្នុងចំណោមទាំង ៩១០ នាក់នេះ កម្ពុជាក៏ទទួលបាននូវការឧបត្ថម្ភពីព្រះមហាក្សត្រអារ៉ាប់ប៊ីសាអូឌីតរួមនិងព្រះរាជទាយាទ ចំនួន ១៩នាក់ផងដែរ។ ឯកឧត្តមបណ្ឌិតបន្តថា អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព ក្រោមការកសាងឡើងដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀតធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសជាតិក៏ដូចជាសហគមន៍ និងក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះក៏មានក្រុមគ្រួសារនៃបងប្អូនសាសនិកឥស្លាម កម្ពុជាផងដែរ ទើបពួកគាត់មានលទ្ធភាពទៅចូលរួមក្នុងពិធីបុណ្យហាជ្ជប្រចាំឆ្នាំនៅប្រទេសអារ៉ាប៊ីសាអូឌីតបាន ហើយក្នុងចំនួនកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានឱ្យដឹងផងដែរថា ចាប់ពីថ្ងៃទី៣០ ខែមិថុនាដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០ ២៤នេះ បងប្អូនសាសនិកឥស្លាមកម្ពុជាទាំងជាង ៩០០ នាក់នឹងត្រូវវិលត្រឡប់ពី ពិធីបុណ្យហាជ្ជវិញទាំងអស់គ្នា ខណៈដែលអ្នកវិលត្រឡប់មកដល់មាតុប្រទេសវិញនាថ្ងៃ នេះមានចំនួន១៩នាក់ គឺជាភ្ញៀវពិសេសរបស់ព្រះមហា ក្សត្រអារ៉ាប់ប៊ីសាអូឌីត៕
Cr: BTV